Bỏ qua đến nội dung chính
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនអនុវិទ្យាល័យ ប៊ិញ អាន សម្រាប់ឆ្នាំសិក្សាថ្មី

នៅរសៀលថ្ងៃទី០៤ ខែកញ្ញា គណៈប្រតិភូការងាររបស់គណៈកម្មាធិការប្រជាជនខេត្ត ដឹកនាំដោយលោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានអញ្ជើញទៅត្រួតពិនិត្យ សួរសុខទុក្ខ និងលើកទឹកចិត្តកម្មាភិបាល គ្រូបង្រៀន ព្រមទាំងក្តាប់បានស្ថានភាពត្រៀមរៀបចំសម្រាប់ឆ្នាំសិក្សាថ្មី នៅអនុវិទ្យាល័យ ប៊ិញ អាន ឃុំ កៀន លឿង។

លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​​ ថ្លែងមតិណែនាំកិច្ចប្រជុំការងារ​

ថ្លែងមតិនៅក្នុងកិច្ចប្រជុំការងារ លោក ហូ វ៉ាន់ ម៉ឹង ប្រ​ធាន​គណៈកម្មាធិការប្រជាជនខេត្ត បានវាយតម្លៃថា ឃុំ កៀន លឿង មានអត្រាកៀរគរសិស្សចូល​រៀននៅ​គ្រប់​កម្រិត​​សិក្សាខ្ពស់។ ការរៀបចំពិធីបើកបវេសនកាល និង​ការ​អនុវត្តភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំសិក្សា ២០​២៦​-២០២៧ ត្រូវបានអនុវត្តស្របតាមសារាចរលេខ ៣១/​CT-TTg របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល រួម​ទាំង​ការ​​ណែនាំរបស់បក្សខេត្ត និងគណៈកម្មា​ធិការ​ប្រជា​ជន​​ខេត្ត។ មូលដ្ឋានត្រូវឆ្ពោះទៅគោល​ដៅជ្រើស​រើស​សិស្ស​ ១០០% ដែលបានបញ្ចប់ការសិក្សានៅ​អនុវិ​ទ្យា​ល័យ​ និងមានតម្រូវការចូលរៀនថ្នាក់ទី១០ នៃ​វិទ្យា​ល័យ​ តាមរយៈទម្រង់ជ្រើសរើសនៅក្នុងឆ្នាំ​សិក្សា​ខាង​មុខ​។

លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណៈកម្មាធិ​ការ​ប្រជា​ជន​ខេត្ត​ សួរសុខទុក្ខ និងលើកទឹកចិត្តសិស្សានុ​សិស្ស​អនុ​វិទ្យា​ល័យ ប៊ិញ អាន ឲ្យខិតខំរៀនសូត្រ និងលត់ដំខ្លួន

ដើម្បីឆ្នាំសិក្សាថ្មីទទួលបានលទ្ធផលល្អ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំឃុំ កៀន លឿង ចូលរួមពិធីបើក​បវេ​ស​ន​កាល​​​នៅតាមសាលារៀនទាំងអស់ក្នុងភូមិសាស្ត្រ ដើ​ម្បី​ក្តាប់​​បានស្ថានភាពជាក់ស្តែង លើកទឹកចិត្តលោកគ្រូ អ្នក​គ្រូ និងយកចិត្តទុកដាក់ គាំទ្រ និងដោះស្រាយបញ្ហា​លំ​បាក​នានាបាន​ទាន់ពេល​វេលា​។

ឃុំ កៀន លឿង សហការជាមួយមន្ទីរ ផ្នែកពាក់ព័ន្ធ ដើ​ម្បី​ពិនិត្យឡើងវិញ និងធានាឲ្យមាន​គ្រប់គ្រូ​បង្រៀន​ប្រ​ចាំ​ថ្នាក់​ មូលដ្ឋានសម្ភារៈ អនាម័យបរិស្ថាន និងលក្ខ​ខណ្ឌ​សុវត្ថិភាពសម្រាប់សិស្សានុសិស្ស។ បន្តលើក​កម្ពស់​​គុណភាពបង្រៀន និងរៀន ដោយមើល​សំខាន់​លើ​​ការ​អប់រំសីលធម៌ និងប្រពៃណីប្រវត្តិសាស្ត្រ​សម្រាប់​សិស្សា​នុសិស្ស។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត ប្រគល់រូបថតលោកប្រធាន ហូ ជី មិញ ជូន​អនុ​វិទ្យា​​ល័យ ប៊ិញ អាន

នៅក្នុងកិច្ចប្រជុំការងារ គណៈកម្មាធិការប្រជាជនឃុំ កៀន​ លឿង បានស្នើដល់គណៈកម្មាធិ​ការប្រជា​ជន​ខេត្ត​ និងវិស័យអប់រំ ឲ្យយកចិត្តទុកដាក់​ជួយគាំ​ទ្រធន​ធាន​វិនិយោគ ពង្រឹងបន្ទប់រៀនមួយចំនួនឲ្យរឹងមាំ សាង​សង់​បន្ថែមបន្ទប់រៀនមុខវិជ្ជា និងបន្ទប់មុខងារ ព្រម​ទាំង​ឆាប់​បែងចែកកូតា និងរៀបចំជ្រើស​រើសបុគ្គលិក​អប់រំ​ជា​ដើម​។ 

ចំពោះ​សំណើទាំងនេះ លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្ត បានណែនាំឲ្យមន្ទីរអប់រំ និង​បណ្តុះបណ្តាល សកម្មក្នុង​ការធ្វើសេនាធិ​ការ​ជូន​គណៈ​កម្មាធិការប្រជាជនខេត្ត ដើម្បីធានា​ឲ្យមាន​គ្រប់​គ្រាន់នូវចំនួនគ្រូបង្រៀនសម្រាប់សាលារៀននានានៅក្នុង​ឃុំ កៀន លឿង ស្របតាមបទប្បញ្ញត្តិ។ មន្ទីរ​ហិរ​ញ្ញ​វត្ថុ​ ពិនិត្យមើលឡើងវិញតាមបទប្បញ្ញត្តិ និង​ធ្វើ​សេនាធិ​កា​ជូន​គណៈកម្មាធិការប្រជាជនខេត្ត ដើម្បីពិចារណា និង​ដោះស្រាយបញ្ហាថវិកា។ មន្ទីរ និងផ្នែកនានា ស្រប​តាម​មុខងារ ភារកិច្ចរបស់ខ្លួន សហការជាមួយមូល​ដ្ឋាន​ផ្សព្វ​ផ្សាយយ៉ាងសកម្មឆ្នាំសិក្សា ២០២៦-២០២៧ ឲ្យ​សម្រេច​បានជោគជ័យ។ 

មុនឈានចូលឆ្នាំសិក្សាថ្មី លោកប្រធានគណៈកម្មា​ធិ​ការ​​ប្រជាជនខេត្ត បានផ្ញើសារជូនពរឆ្នាំសិក្សាថ្មី​ទទួល​បាន​ជោគ​ជ័យ និងសម្រេចបានសមិទ្ធផលល្អៗ ជូន​ដល់​ថ្នាក់​ដឹកនាំ គ្រូបង្រៀន និងបុគ្គលិកនៃ​អនុ​វិទ្យា​ល័យ​ ប៊ិញ អាន ព្រមទាំងសាលារៀននានា​នៅលើ​ភូមិ​សាស្ត្រ​​ឃុំ កៀន លឿង។ ក្នុងឱកាសនេះ លោក ហូ វ៉ាន់ ម៉ឹង  ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាន​ប្រ​គល់​អំណោយ និងថវិកាចំនួន ៥០ លានដុង ដល់​អនុ​វិទ្យា​ល័យ ប៊ិញ អាន ដើម្បីលើកទឹកចិត្តលោកគ្រូ អ្នក​គ្រូ​ និងសិស្សានុសិស្សរបស់សាលា ព្រមទាំងរួម​ចំ​ណែក​​​បង្កើតលក្ខខណ្ឌបន្ថែម ដើម្បីឲ្យសាលាលើក​កម្ពស់​​គុណភាពនៃការបង្រៀន និងរៀន។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈ​កម្មាធិ​ការប្រ​ជា​ជន​ខេត្ត​​ ប្រគល់អំណោយ និងថវិកា ៥០ លានដុង ជូន​អនុ​វិទ្យា​​ល័យ ប៊ិញ អាន

យោងតាមរបាយការណ៍ អនុវិទ្យាល័យ ប៊ិញ អាន បច្ចុប្បន្នមានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិកចំនួន ៥២ នាក់ ក្នុងនោះមានគ្រូបង្រៀនប្រចាំថ្នាក់ ចំនួន ៤៣ នាក់។ កម្មាភិបាល  គ្រូបង្រៀន និងនិយោជិត ១០​០% សុទ្ធតែមានស្តង់ដារ និងលើសស្តង់ដារ។ ស្មារ​តី​របស់ក្រុមការងារមានស្ថិរភាព សាមគ្គីភាព និង​ស្ងប់​ចិត្តបំពេញការងារ។ ឆ្នាំសិក្សា ២០២៦-២០២៧ អនុ​វិទ្យា​ល័យ ប៊ិញ អាន មាន ២៧ ថ្នាក់រៀន ជា​មួយ​នឹង​សិស្សសរុប ៩៨៤ នាក់។ រហូតមកដល់ពេលនេះ សាលា​បានកៀរគរសិស្សក្នុងវ័យសិក្សាចូលរៀនបាន ៩៨,​៧% ក្នុងនោះសិស្ស ១០០% បានបញ្ចប់កម្ម​វិធី​សិក្សា​បឋមសិក្សា បានជ្រើសរើសចូលរៀនថ្នាក់ទី៦។ ចំ​ពោះ​សិស្សដែលមានស្ថានភាពគ្រួសារលំបាក សា​លា​បានសហការជាមួយមូលដ្ឋាន ដើម្បី​ពិនិ​ត្យ​ឡើងវិញ និង​រៀបចំផែនការជួយផ្តល់សៀវភៅ សម្ភារៈសិក្សា មធ្យោ​បាយធ្វើដំណើរ ដោយរួមចំណែករក្សា​ចំនួន​សិស្ស​​ឲ្យបានទៀងទាត់ និងកាត់បន្ថយសិស្ស​បោះ​បង់​ការ​សិក្សា។ អំពីហេដ្ឋារចនាសម្ព័ន្ធ សាលា​បាន​បញ្ចប់​ការ​​ប្រគល់និងទទួល ការធ្វើបញ្ជីសារពើភ័ណ្ឌ និង​ពិ​និត្យ​ឡើងវិញនូវទ្រព្យសម្បត្តិ បន្ទប់រៀន និងឧបករ​ណ៍​ពី​ទី​តាំងសាលារៀននានា បន្ទាប់ពីការរួមបញ្ចូល។

អនុវិទ្យាល័យ ប៊ិញ អាន មុនឈានចូលឆ្នាំសិក្សាថ្មី

នៅលើភូមិសាស្ត្រឃុំ កៀន លឿង បច្ចុប្បន្ន​មានប្រព័ន្ធ​សា​លា​មត្តេយ្យ បឋមសិក្សា និងអនុវិទ្យា​ល័យ​ជា​គោល​ឆ្លើយតបតម្រូវការសិក្សារបស់កូនចៅនៅក្នុងមូលដ្ឋាន។ ដើម្បីត្រៀមសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ គណៈកម្មាធិការប្រជាជនឃុំបានណែនាំឲ្យសាលារៀននានា ពិនិត្យឡើងវិញទាំងមូលនូវមូលដ្ឋានសម្ភារៈ បន្ទប់​​រៀន តុ កៅអី ឧបករណ៍ និងឯកសារយោង​សម្រាប់​ការសិក្សា ព្រមទាំងសកម្មជួសជុល និងកែលម្អ​ផ្នែក​ដែលខូចខាត ធ្លាក់គុណភាព ព្រមទាំង​បន្ថែម​ឧបក​រ​ណ៍​បង្រៀនចាំបាច់ជាអប្បបរមា ដើម្បីបម្រើ​កម្មវិ​ធី​អប់​រំ​ទូ​ទៅឆ្នាំ ២០១៨។  តាមរយៈការពិនិត្យឡើងវិញ ប្រ​ព័ន្ធ​​​សាលារៀន និងបន្ទប់រៀននៅលើភូមិសាស្ត្រ នៅ​តែ​ជួបប្រទះការលំបាកមួយចំនួនពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ។ បច្ចុប្បន្ន នៅសល់បន្ទប់រៀន​បណ្តោះអាសន្ន​ចំ​នួន​ ៥៧ បន្ទប់ ដែលត្រូវការវិនិយោគ ជួសជុល​ឲ្យរឹង​មាំ​។ សាលារៀនមួយចំនួននៅខ្វះបន្ទប់រៀនមុខវិជ្ជា និង​បន្ទប់មុខងារ ដើម្បីឆ្លើយតបនឹងតម្រូវការបង្រៀន និងរៀនពីរពេលក្នុងមួយថ្ងៃនៅកម្រិតបឋមសិក្សា និង​តម្រូវ​ការពង្រីកទ្រង់ទ្រាយអប់រំកុមារតូច៕

ប្រែ៖ណារីពៅ