លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ដឹកនាំកិច្ចប្រជុំជាមួយធនាគាររដ្ឋវៀតណាម សាខាតំបន់ទី១៥

រសៀលថ្ងៃទី០៦ ខែសីហា លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយធនាគាររដ្ឋវៀតណាម សាខាតំបន់ទី១៥ និងស្ថាប័នឥណទាននានា ស្តីពីស្ថានភាពកំណើនឥណទានបម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានលោក ឡេ ទ្រុង ហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ផងដែរ។

ទិដ្ឋភាពកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ ធនាគាររដ្ឋវៀតណាម សាខាតំបន់ទី១៥ បានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងខេត្ត អានយ៉ាង​ទាំង​មូល​ មានធនាគារចំនួន ៣៥ មូលនិធិឥណទានប្រជាជនចំនួន ៤២ និងស្ថាប័នហិរញ្ញវត្ថុចំនួន ០១ ដោយមានបណ្តាញសាខា និងមូលដ្ឋាន​ប្រតិបត្តិការសរុបចំនួន ៤១៧ កន្លែង។ បណ្តាញនេះបានរួមចំណែកឆ្លើយតបតម្រូវការទុន ការទូទាត់ និងសេវាធនាគាររបស់ប្រជាពលរដ្ឋ និងអាជីវកម្មនៅលើភូមិសាស្ត្រ។គិត​ដល់ចុងខែមិថុនា ឆ្នាំ២០២៦ សមតុល្យឥណទានសរុបនៅលើភូមិសាស្ត្រខេត្តសម្រេចបាន ២៨២.០០១ ពាន់លានដុង កើនឡើង ៤,៥៣% បើធៀបនឹងចុងឆ្នាំ២០២៥។ ក្នុងនោះ ៨២% នៃសមតុល្យឥណទានត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពផលិតកម្ម និងអាជីកម្ម

បើពិនិត្យតាមវិស័យសេដ្ឋកិច្ចចំនួន ០៣៖ ឥណទានសម្រាប់វិស័យកសិកម្ម ព្រៃឈើ និងនេសាទ សម្រេចបាន ៦០.៩៩៧ ពាន់លានដុង កើនឡើង ៦,១៥%។ ឥណទានសម្រាប់វិស័យឧស្សាហកម្ម និងសំណង់ សម្រេចបាន ៣៣.៣៩៣ ពាន់លានដុង កើនឡើង ៣,​៦៩%​។ ឥណទានសម្រាប់វិស័យពាណិជ្ជកម្ម និងសេវាកម្ម សម្រេចបាន ១៨៧.៦១១ ពាន់លានដុង ស្មើនឹង ៦៦,​៥% នៃសមតុល្យឥណទានសរុប។ ឥណទានបម្រើការអភិវឌ្ឍកសិកម្ម និងជនបទ បន្តដើរតួនាទីជាកម្លាំងនាំមុខ ដោយសម្រេចបាន ១៦០.៨៦៥ ពាន់លានដុង ស្មើនឹង ៥៧,១% នៃសមតុល្យឥណទានសរុប។ ឥណទានសម្រាប់ការនាំចេញសម្រេចបាន ៤.៨២៣ ពាន់លានដុង កើនឡើង ២១,៤៥%។ សមតុល្យឥណទានសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម សម្រេចបាន ៣៩.១៦០ ពាន់លានដុង។ ឥណទានគោលនយោបាយសង្គមសម្រេចបាន ១៥.១០០ ពាន់លានដុង កើនឡើង ១២,០៣% បើធៀបនឹងដើមឆ្នាំ

គិតដល់ចុងខែមិថុនា ឆ្នាំ២០២៦ កំណើនឥណទានបន្តភ្ជាប់ជាមួយការគ្រប់គ្រងគុណភាព និងសុវត្ថិភាពនៃសកម្មភាពធនាគារ។ ការប្រមូលទុនកើនឡើង ៨,១% ដោយអាចឆ្លើយតបបានប្រមាណ ៧០% នៃប្រភពទុនសម្រាប់ផ្តល់ឥណទាន បម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ល។

លោក ត្រឹន វ៉ាន់ ភឿក នាយកធនាគាររដ្ឋវៀតណាម សាខាតំបន់ទី១៥ ថ្លែងមតិនៅក្នុងកិច្ចប្រជុំ

ប្រតិភូពិភាក្សា និងផ្លាស់ប្តូរយោបល់នៅក្នុងកិច្ចប្រជុំ
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​ អានយ៉ាង ថ្លែងសុន្ទរកថាបូកសរុបកិច្ចប្រជុំ

ថ្លែងសុន្ទរកថាបូកសរុបកិច្ចប្រជុំ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យមន្ទីរ គណៈ ផ្នែក ស្ថាប័ន និងអង្គភាពនានា ជាពិសេសមន្ទីរហិរញ្ញវត្ថុ និងសមាគមនានា យកចិត្តទុកដាក់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការឃោសនា និងផ្សព្វផ្សាយគោលនយោបាយគាំទ្រសម្រាប់អាជីវកម្ម។ ត្រូវធ្វើពិពិធកម្មទម្រង់ផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពឲ្យបានពេញលេញ​​នូវគោលនយោបាយដែលមានប្រយោជន៍ មានប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង ព្រមទាំងគាំទ្រ និងផ្តល់ប្រឹក្សាអំពីផែនការផលិតកម្ម និងអាជីវកម្ម ការច្នៃប្រឌិតថ្មី។ ជាមួយគ្នានេះ ត្រូវប្រើប្រាស់ឲ្យបានអតិបរមានូវបច្ចេកវិទ្យាឌីជីថល សារព័ត៌មាន និងបណ្តាញសង្គម ដើម្បីនាំគោលនយោបាយឲ្យកាន់តែជិតស្និទ្ធជាមួយអាជីវកម្ម

លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាន​តម្រូវ​ឲ្យ​​ធនាគាររដ្ឋវៀតណាម សាខាតំបន់ទី១៥ រាយការណ៍ជូនធនាគាររដ្ឋវៀតណាមឲ្យបានជាក់លាក់អំពីស្ថានភាពកំណើនឥណទាន និងលទ្ធភាពក្នុង​ការដោះ​ស្រាយ​ទុន។ ត្រូវធ្វើឲ្យមានតុល្យភាពរវាងការគ្រប់គ្រងហានិភ័យ ដើម្បីជៀសវាងបំណុលអាក្រក់ ដើម្បីជំរុញសេដ្ឋកិច្ចឲ្យមានការអភិវឌ្ឍ។ ព្រមជាមួយនេះ លោកបាន​តម្រូវឲ្យធនាគារពាណិជ្ជកម្មនានាពិនិត្យ និងធ្វើឲ្យសាមញ្ញនូវនីតិវិធីរដ្ឋបាល ដើម្បីបង្កលក្ខណៈងាយស្រួល​​ដល់អតិថិជនក្នុងការទទួលបានប្រភពទុន ជាពិសេស​​ក្រុមអតិថិជនថ្មី។បណ្តាធនាគារពាណិជ្ជកម្មត្រូវសកម្មក្នុងការគាំទ្រអាជីវកម្មរៀបចំផែនការខ្ចីទុនដែលមានលទ្ធភាពអនុវត្តបាន និងផ្តល់អាទិភាពដល់ប្រភពទុនសម្រាប់វិស័យសំខាន់ៗរបស់ខេត្ត អានយ៉ាង ដូចជា កសិកម្មបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចសមុទ្ទ និងការផលិតស្រូវមានគុណភាពខ្ពស់​ជា​ដើម​។

លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាន​តម្រូវ​ឲ្យ​​សមាគមអាជីវកម្មខេត្ត លើកកម្ពស់តួនាទីរបស់ខ្លួន និងសកម្មក្នុងការគាំទ្រសមាជិកឲ្យទទួលបានប្រភពទុន និងលើកកម្ពស់សមត្ថភាពផលិតកម្ម អាជីវកម្ម តាមរយៈការសហការរៀបចំវគ្គបណ្តុះបណ្តាល អញ្ជើញអ្នកជំនាញមកផ្តល់ប្រឹក្សា និងរៀបចំផែនការដែលមានលទ្ធភាពអនុវត្តបានសម្រាប់អាជីវកម្ម និងការចាប់ផ្តើមអាជីកម្ម។ ត្រូវផ្លាស់ប្តូរថ្មីនូវកិច្ចជំនួបពិភាក្សា និងកម្មវិធី កាហ្វេ​អា​ជីវកម្ម” ដើម្បីផ្សព្វផ្សាយគោលនយោបាយគាំទ្រឲ្យបានជាក់ស្តែង។ល។ ព្រមជាមួយគ្នានេះ លោក​ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យមន្ទីរកិច្ចការផ្ទៃក្នុង ណែនាំសមាគមអាជីវកម្មខេត្ត ប្រញាប់បញ្ចប់នីតិវិធី ដើម្បីឯកភាពលើការរៀបចំរចនាសម្ព័ន្ធ និងយន្តការរបស់សមាគម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់សមាគម។ 

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានតម្រូវឲ្យមន្ទីរហិរញ្ញវត្ថុធ្វើជាអធិបតី និងសហការជាមួយការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត ប្រមូលផ្តុំមតិណែនាំ និងសំណើទាំងអស់របស់មន្ទីរ និងផ្នែននានា ដើម្បីផ្តល់យោបល់រៀបចំឯកសារបូកសរុបលទ្ធផលកិច្ចប្រជុំឲ្យបានពេញលេញ និងកំណត់ការបែងចែកភារកិច្ចជាក់លាក់ជូនអង្គភាពនីមួយៗ។ ទន្ទឹមនិងនេះ មន្ទីរហិរញ្ញវត្ថុមានភារកិច្ចអនុវត្តរបបរាយការណ៍ជាប្រចាំអំពីលទ្ធផលនៃការអនុវត្តឥណទាន និងការគាំទ្រអាជីវកម្ម ដើម្បីអាចដោះស្រាយបានទាន់ពេល​​វេលានូវការលំបាក និងបញ្ហាទាក់ទិន​ដែលកើតមាន​ក្រៅ​ផែនការ៕

ប្រែ៖ណារីពៅ