ព្រឹកថ្ងៃទី២៥ ខែកញ្ញា លោក ហូ វ៉ាន់ ម៉ឹង សមាជិកមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូអញ្ជើញទៅពិនិត្យគម្រោង និងការដ្ឋាននានា ដែលបម្រើសន្និសីទកំពូល APEC ២០២៧ នៅតំបន់ពិសេសភូក្វឹក និងណែនាំឲ្យពន្លឿនល្បឿននៃគម្រោងទាំងនេះ។

នៅក្នុងការអញ្ជើញទៅពិនិត្យលើកនេះ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំឲ្យបញ្ចប់ប្រព័ន្ធមជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃ នៃតំបន់ពិសេសភូក្វឹក ឲ្យបានឆាប់រហ័ស។ ក្នុងនោះ មានមុខងារមួយចំនួនត្រូវការធ្វើឲ្យដំណើរការដោយស្វ័យប្រវត្តិ។ វិស័យនានា ដូចជា សេដ្ឋកិច្ច-សង្គម ការគ្រប់គ្រងព្រៃឈើ សណ្តាប់ធ្នាប់ទីក្រុង សកម្មភាពរបស់នាវា និងទូកជាដើម ត្រូវរាយការណ៍ដោយស្វ័យប្រវត្តិទៅកាន់ប្រព័ន្ធ។ នៅពេលកើតមានបញ្ហា ប្រព័ន្ធស្វ័យប្រវត្តិនឹងជូនដំណឹងព្រមានដោយស្វ័យប្រវត្តិ និងផ្ញើព័ត៌មានទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីចាត់វិធានការដោះស្រាយ។
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យតំបន់ពិសេសភូក្វឹក ជំរុញខ្លាំងការផ្សព្វផ្សាយ និងអំពាវនាវឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងរក្សាអនាម័យសាធារណៈ។ល។ បង្កើតបទប្បញ្ញត្តិប្រតិបត្តិការ និងភារកិច្ចគ្រប់គ្រងសម្រាប់មជ្ឈមណ្ឌលប្រតិបត្តិការតំបន់ឆ្លាតវៃភូក្វឹក ឲ្យច្បាស់មនុស្ស ច្បាស់ការងារ និងច្បាស់ពេលវេលាដោះស្រាយ។

ចំពោះគម្រោងដាក់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសក្រោមដី នៅតំបន់យឿងដុង លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យពន្លឿនល្បឿន និងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏បានផ្តល់យោបល់ចំពោះបញ្ហាប្រឈមមួយចំនួននៅក្នុងគម្រោងបម្រើ APEC ក្នុងនោះ ចំនួនដីដែលយកចេញពីអាងទឹក គឿកាន នឹងបានដាក់ដេញថ្លៃជាទ្រព្យសម្បត្តិសាធារណៈ។

ចំពោះរង្វង់មូលនានានៅតាមផ្លូវខេត្តលេខ ៩៧៥ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំឲ្យសិក្សាស្រាវជ្រាវទីតាំងសម្រាប់ដាំបង្គោលទង់ជាតិនៃសេដ្ឋកិច្ចសមាជិកទាំង ២១ ដើម្បីបម្រើការងារផ្សព្វផ្សាយរបស់ខេត្ត និងតំបន់ពិសេសភូក្វឹក បន្ទាប់ពី APEC ព្រមទាំងសិក្សាស្រាវជ្រាវដាក់និមិត្តសញ្ញាគជ់ភូក្វឹក នៅតាមទីតាំងដែលដាក់និមិត្តសញ្ញាផងដែរ។
គណៈប្រតិភូបាន ពិនិត្យល្បឿននៃគម្រោងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសក្រោមដី នៅតំបន់យឿងដុង។ វិនិយោគហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងផ្លាស់ប្តូរឌីជីថល ដើម្បីសាងសង់មជ្ឈមណ្ឌលត្រួតពិនិត្យ និងប្រតិបត្តិការឆ្លាតវៃ សម្រាប់គ្រប់គ្រងទីក្រុងភូក្វឹកឲ្យបានល្អឥតខ្ចោះ។ វិនិយោគអាងទឹក និងរោងចក្រទឹកស្អាតគឿកាន។ តំបន់តាំងទីលំនៅថ្មីគឿកាន។ វិនិយោគអាងទឹក យឿងដុង ២ និងផ្លូវខេត្តលេខ ៩៧៥។

សន្និសីទកំពូល APEC ២០២៧ គឺជាភារកិច្ចនយោបាយ និងការទូតដ៏សំខាន់ពិសេស ដែលត្រូវបានមជ្ឈិមបក្ស រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់ដឹកនាំយ៉ាងជិតស្និទ្ធ។ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងកំណត់ថា នេះជាការទទួលខុសត្រូវនយោបាយដ៏ធំមួយផង និងជាឱកាសសម្រាប់បង្កើតការផ្លាស់ប្តូរជាមូលដ្ឋានលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំ និងកែលម្អទីក្រុង គុណភាពសេវាកម្ម បរិយាកាសវិនិយោគ និងលំហអភិវឌ្ឍន៍រយៈពេលវែងរបស់ភូក្វឹកផង។ ដូច្នេះ ខេត្តបានផ្តោតលើការអនុវត្តការងារនានាដោយសម្របសម្រួលគ្នា ដើម្បីត្រៀមរៀបចំបម្រើសនិ្នសីទ។

ចំពោះសំណង់ និងគម្រោងចំនួន ២១ ដែលបម្រើ APEC ២០២៧ កំពុងត្រូវបានអនុវត្តក្នុងពេលតែមួយ គម្រោងទាំងអស់នេះធានាបាននូវល្បឿនសាងសង់។ ទន្ទឹមនឹងការវិនិយោគសាងសង់ អនុគណៈកម្មការទាំង ៧/៧ ចំណុះគណៈកម្មការណែនាំថ្នាក់ខេត្ត បានចេញអនុគម្រោង ហើយកំពុងប្តូរទៅកាន់ដំណាក់កាលរៀបចំអនុវត្ត។ ការងារពិធីការ ភស្តុភារ ការផ្សព្វផ្សាយ វប្បធម៌ សន្តិសុខ សុខាភិបាល ការបណ្តុះបណ្តាល ការរៀបចំតុបតែងនិងកែលម្អទីក្រុង និងការត្រៀមមូលដ្ឋានសម្ភារៈបរិក្ខារ កំពុងបានអនុវត្តស្របគ្នាជាមួយនឹងល្បឿននៃការសាងសង់គម្រោង។
ខេត្តបន្តជ្រួតជ្រាបស្មារតីម្ចាស់ការ ច្បាស់ភារកិច្ច ច្បាស់ពេលវេលា។ ខ្លឹមសារដែលស្ថិតក្នុងសមត្ថកិច្ច ត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា ចំពោះបញ្ហាដែលលើសសមត្ថកិច្ច ត្រូវបានប្រមូលផ្តុំ រាយការណ៍ និងភ្ជាប់ជាមួយផែនការដោះស្រាយជាក់លាក់។ ទន្ទឹមនឹងនោះ ត្រូវបង្កើនការត្រួតពិនិត្យគុណភាព សុវត្ថិភាព ទ្រព្យសម្បត្តិសាធារណៈ ដីធ្លី រ៉ែ ការត្រួតពិនិត្យទទួលស្គាល់សំណង់ ការទូទាត់ និងការទូទាត់បិទបញ្ចប់គម្រោង ដោយធានាថាមិនឲ្យកើតមានការបាត់បង់ ការខ្ជះខ្ជាយ និងអំពើអវិជ្ជមាន។

និយាយរួម ការងារត្រៀមរៀបចំ APEC ២០២៧ កំពុងផ្លាស់ប្តូរពីដំណាក់កាលបញ្ចប់យន្តការ និងនីតិវិធី ទៅកាន់ដំណាក់កាលអនុវត្តការងារទាំងមូលប្រកបដោយសមកាលកម្ម។ បរិមាណការងារដែលនៅសេសសល់នៅមានច្រើន ខណៈដែលតម្រូវការល្បឿនមានកម្រិតខ្ពស់។ សំខាន់រយៈពេលខាងមុខនេះ គឺត្រូវរក្សាឲ្យបាននូវសង្វាក់កិច្ចការពាក់ព័ន្ធគ្នាចាប់ពីដើមដល់ចប់គម្រោង ដើម្បីដោះស្រាយឲ្យបានដាច់ស្រឡះនូវលក្ខខណ្ឌចាំបាច់សម្រាប់ការអនុវត្តគម្រោង និងធានាឲ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់ការត្រួតពិនិត្យសុពលភាព ការដំណើរការសាកល្បង ការទទួល និងការដាក់ឲ្យប្រើប្រាស់សំណង់នានា មុនពេលសន្និសីទប្រព្រឹត្តទៅ៕
ប្រែ៖ ណារីពៅ