Bỏ qua đến nội dung chính
គោលនយោបាយជនជាតិ - ជាមូលដ្ឋានពង្រឹងទំនុកចិត្តក្នុងជនរួមជាតិខ្មែរ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការងារជនជាតិ ដោយចាត់ទុកថា នេះជាភារកិច្ចដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងធ្លុងមហាសាមគ្គីជាតិទាំងមូល។ នៅខេត្តអានយ៉ាង ដែលជាតំបន់មានបងប្អូនជនជាតិភាគតិចរស់នៅច្រើន គោលនយោបាយគាំទ្រការអភិវឌ្ឍតំបន់ជនជាតិភាគតិច កំពុងបង្ហាញពីប្រសិទ្ធភាពជាវិជ្ជមាន រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រដោយចីរភាពជាបន្តបន្ទាប់។

បច្ចុប្បន្ន ខេត្តអានយ៉ាងមានជនរួមជាតិភាគតិចប្រ​មាណ​ ៤៧២.១៣២ នាក់ ស្មើនឹង ៩,៥៣% នៃប្រជាសាស្ត្រក្នុងខេត្តទាំងមូល។ ក្នុងនោះ ជនជាតិខ្មែរមានចំនួន​ច្រើនជាងគេ គឺជាង ៣៩៩.០០០ នាក់ បន្ទាប់មកគឺជនជាតិចិន និងជនជាតិចាម។ ក្នុងប៉ុន្មានឆាំ្នកន្លង​ទៅ​នេះ​ កម្មវិធី និងគោលនយោបាយជាច្រើនសម្រាប់គាំទ្រ​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិច បានផ្សព្វផ្សាយអនុវត្តព្រមៗក្នា រួមចំណែក​បង្កើត​លក្ខ​ខណ្ឌសម្រាប់ប្រជាជន អភិវឌ្ឍផលិតកម្ម ស្ថិរភាពជីវ​ភាព និងចាកផុតពីភាពក្រីក្រជាបណ្តើៗ។

នៅឃុំ ទ្រីតូន និងឃុំ អូឡឹម និងតំបន់ដែលមានបងប្អូនជន​រួមជាតិខ្មែររស់នៅច្រើន ទិដ្ឋភាពជនបទកំពុងរីក​ចម្រើន​ជាបន្តបន្ទាប់។ ប្រព័ន្ធផ្លូវជនបទបានវិនិយោគសាង​សង់សមស្រប បណ្តាញអគ្គិសនីជាតិ និងប្រព័ន្ធទឹក​ស្អាត​សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃស្របអនាម័យបានពង្រីក​ទូលំទូលាយ បង្កលក្ខណៈងាយស្រួលឲ្យប្រជាពល​រ​ដ្ឋអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវ​ភាព​រស់នៅ។

ផ្លូវជនបទបានសាងសង់យ៉ាងរឹងមាំនៅភូមិ តូធ្វឺន  ឃុំ ទ្រីតូន ខេត្តអានយ៉ាង បានរួមចំណែកបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

តាមរយៈការអនុវត្តជាក់ស្តែង បានបង្ហាញថា នៅពេលដែល​គោលនយោបាយបានអនុវត្តត្រឹមត្រូវនូវមុខសញ្ញា និងសមស្របតាមតម្រូវការជាក់ស្តែង វានឹងក្លាយ​​​ជា “គំនាស់” ដ៏សំខាន់មួយ ជួយឲ្យប្រជាពលរដ្ឋផ្លាស់​ប្តូរជីវភាពរស់នៅ។

កាលពីមុននេះ គ្រួសារពូ ចៅ ស៊ាង រស់នៅភូមិ ភឿកឡើយ  ឃុំ អូឡឹម ជាគ្រួសារក្រលំបាក។ ជីវភាពរស់នៅ​របស់គ្រួសារពឹងផ្អែកជាចម្បងលើការធ្វើការស៊ីឈ្នួលតាមរដូវកាល ដូច្នេះប្រាក់ចំណូលមិនទៀងទាត់ និងខ្វះស្ថិរភាព។ តាមរយៈកម្មវិធីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់តំបន់ជនជាតិភាគតិច គ្រួសារពូទទួល​បានការគាំទ្រគោមេមួយក្បាល ដែលមានតម្លៃប្រមាណ ២៥ លានដុង ដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វ។ យោងតាមយន្តការបង្វិលទុនរបស់កម្មវិធី បន្ទាប់ពីរយៈពេល ៣ ឆ្នាំ គ្រួសារទទួលផលនឹងសងប្រាក់វិញប្រ​មាណ​ ២,៥ លានដុង ដើម្បីបង្កើតមូលនិធិបន្តគាំទ្រដល់គ្រួ​សារផ្សេងទៀត។

ពូ ចៅ ស៊ាង នៅភូមិ ភឿកឡើយ ឃុំ អូឡឹម ខេត្តអានយ៉ាង កំពុងថែទាំគោមេ ដែលទទួលបានពីកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់តំបន់ជនជាតិភាគតិច។

មិនត្រឹមតែបានគាំទ្ររបរចិញ្ចឹមជីវិត គ្រួសារពូ ចៅ ស៊ាង ក៏ទទួលបានការគាំទ្រគ្រឿងចក្រ និងឧបករណ៍កសិ​កម្ម​សម្រាប់បម្រើការផលិតផងដែរ។ ទន្ទឹមនឹងនោះ រដ្ឋក៏​បានគាំទ្រថវិកាចំនួន ៦០ លានដុង រួមជាមួយថវិកាចូល​រួមពីគ្រួសារ ដើម្បីសាងសង់ផ្ទះថ្មី រួមចំណែកលុបបំ​បាត់ស្ថានភាពលំនៅដ្ឋានបណ្តោះអាសន្ន និងទ្រុឌទ្រោម​ជាបន្តបន្ទាប់។

ផ្ទះថ្មីរបស់គ្រួសារពូ ចៅ ស៊ាង បានសាងសង់ឡើងពីគោលនយោបាយគាំទ្រលំនៅដ្ឋាន

ពូ ចៅ ស៊ាង រស់នៅភូមិ ភឿកឡើយ ឃុំ អូឡឹម ខេត្តអានយ៉ាង បានមានប្រសាសន៍ថា៖“កាលពីមុននេះ ប្ដីប្រ​ពន្ធខ្ញុំមានជីវភាពលំបាកខ្លាំង ត្រូវទៅធ្វើការស៊ីឈ្នួលដើម្បីរកចំណូលចិញ្ចឹមជីវិត។ បន្ទាប់ពីទទួលបានការគាំទ្រលំនៅដ្ឋាន និងគោមេមួយក្បាលពីរដ្ឋមក ជីវភាពគ្រួសារខ្ញុំបានធូរស្រាលជាងមុន។ ខ្ញុំសង្ឃឹមថា នឹងមានគ្រួសារក្រីក្រជាច្រើនទៀតទទួលបានការគាំទ្របែបនេះ ដើម្បីរួមគ្នាខិតខំឈានឡើងស្ថិរភាពជីវភាព។”

ដោយការគាំទ្រពីរដ្ឋ រួមជាមួយឆន្ទៈខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាពលរដ្ឋ ទម្រង់ចិញ្ចឹមគោរបស់គ្រួសារពូ ចៅ ស៊ាង កំពុងបង្ហាញប្រសិទ្ធភាពជាបន្តបន្ទាប់ រួមចំណែកបង្កើនប្រាក់ចំណូល និងជីវភាពមានស្ថិរភាព។ក្រៅពីការគាំទ្ររបរចិញ្ចឹមជីវិត គោលនយោបាយជនជាតិក៏បានបង្កលក្ខណៈឲ្យប្រជាពលរដ្ឋអាចទទួលបានប្រភពទុនកម្ចីអនុគ្រោះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ។

កាលពីមុននេះ បងស្រី នាង សុខថា រស់នៅភូមិ ភឿកឡុក ឃុំ អូឡឹម ស្នាក់នៅផ្ទះថែទាំម្តាយចាស់ ខណៈដែលប្តីទៅធ្វើការស៊ីឈ្នួល ដូច្នេះជីវភាពគ្រួសារនៅមានការលំបាកច្រើន។ បន្ទាប់ពីទទួលបានប្រាក់កម្ចីអនុគ្រោះ ដែលមានអត្រាការប្រាក់ប្រមាណ ០,៦៥% ក្នុងមួយខែ បងស្រីបានសម្រេចចិត្តបើកតូបលក់ទំនិញតូចមួយនៅផ្ទះ។ ដោយសារតែបែបនេះ ប្រាក់ចំណូលរបស់គ្រួសារក៏មានស្ថិរភាពតៗមក។ បងស្រី នាង សុខថា រស់នៅភូមិ ភឿកឡុក ឃុំ អូឡឹម ខេត្តអានយ៉ាង បាន​ឲ្យដឹងថា៖

“កាលពីមុននេះ សេដ្ឋកិច្ចគ្រួសារពឹងផ្អែកជាចម្បងលើការងារស៊ីឈ្នួលរបស់ប្តី ដូច្នេះជីវភាពមានការលំបាក។ បន្ទាប់ពីទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់ការលក់ដូរតូច ប្រាក់ចំណូលគ្រួសារមានស្ថិរភាពជាងមុន ហើយជីវភាពក៏ធូរស្រាលជាងមុនផងដែរ។”

ក្នុងការផ្សព្វផ្សាយអនុវត្តជាក់ស្តែងនៅមូលដ្ឋាន តួនាទីរបស់ប្រព័ន្ធនយោបាយមូលដ្ឋាន ជាពិសេសក្រុមកម្មាភិបាលថ្នាក់ឃុំ ថ្នាក់ភូមិ និងអ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច មានសារៈសំខាន់យ៉ាងខ្លាំង។ នេះគឺជាកម្លាំង “ស្ពានតភ្ជាប់” ដោយផ្ទាល់ ក្នុងការនាំយកគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ទៅដល់ប្រជាពលរដ្ឋប្រកបដោយភាពជិតស្និទ្ធ ងាយយល់ និងសមស្របទៅនឹងស្ថានភាពជាក់ស្តែង។

កម្មាភិបាលថ្នាក់ឃុំចុះសួរសុខទុក្ខ និងណែនាំប្រជាពលរដ្ឋឲ្យទទួលបានគោលនយោបាយគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច

តាមរយៈការផ្សព្វផ្សាយ និងការចលនាប្រជាពលរដ្ឋឲ្យមានភាពអត់ធ្មត់ និងភាពបត់បែន គ្រួសារជាច្រើនបានផ្លាស់ប្តូរផ្នត់គំនិតជាបន្តបន្ទាប់ ក្លាហានក្នុងការទទួលយកប្រភពធនធានគាំទ្រផ្សេងៗ និងមានភាពម្ចាស់ការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ទន្ទឹមនឹងនេះ ការលើកកម្ពស់តួនាទីរបស់អ្នកមានកិត្យានុភាពក្នុងសហគមន៍ ក៏បានរួមចំណែកបង្កើតការឯកភាពក្នុងសង្គម ពង្រឹងធ្លុងមហាសាមគ្គីជាតិចាប់ពីមូលដ្ឋាន កាត់បន្ថយព័ត៌មានមិនពិត និងការឃោសនាបំភាន់នៅតំបន់ជនរួមជាតិភាគតិច។

រហូតមកដល់បច្ចុប្បន្ន ឃុំទាំង ១០០% នៅតំបន់ជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្ត បានមានផ្លូវរថយន្តទៅដល់មជ្ឈមណ្ឌលឃុំ។ ភូមិលំបាកពិសេសជាង ៩៥% មានផ្លូវគមនាគមន៍ និងវគ្រួសារបានប្រើប្រាស់អគ្គិសនីពីបណ្តាញជាតិជិត ៩៩% និងគ្រួសារប្រមាណ ៨៩,៣% បានប្រើប្រាស់ទឹកស្អាតសម្រាប់ការរស់នៅប្រចាំថ្ងៃ។ 

បណ្តាតួលេខទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃគោលនយោបាយជនជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋ ចំពោះបងប្អូនជនរួមជាតិភាគតិចផងដែរ។

ទន្ទឹមនិងប្រសិទ្ធិភាពអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម គោល​នយោបាយជនជាតិក៏បានរួមចំណែកពង្រឹងទំ​នុក​ចិត្តរបស់ជនរួមជាតិភាគតិច ចំពោះការដឹកនាំរបស់បក្ស និងរដ្ឋផងដែរ។ នៅពេលដែលជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋបានកែលម្អជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋទទួលបានគោលនយោបាយគាំទ្រជាក់ស្តែង​និង​មានប្រសិទ្ធភាព គឺស្មារតីសាមគ្គីភាព ផ្សារភ្ជាប់ក្នុងសហ​គមន៍ក៏កាន់តែរឹងមាំឡើងដែរ។ នេះក៏ជាកត្តាសំ​ខាន់​មួយ ដែលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង និងបដិ​​សេធការឃោសនាបំភាន់ ក៏ដូចជាការ បំបែកបំបាក់​ធ្លុង​មហាសាមគ្គីជាតិពីសំណាក់កម្លាំងអមិត្តផ្សេងៗ។ 

ភាព​ជាក់ស្តែងនៅខេត្តអានយ៉ាងបានបង្ហាញថា នៅពេល​គោលនយោបាយបានកំណត់ទិសដៅត្រឹមត្រូវ ស្រប​តាមតម្រូវការជាក់ស្តែង និងបានផ្សព្វផ្សាយអនុវត្ត​មាន​ប្រសិទ្ធភាព នោះនឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួម​ជាតិភាគតិច៕

ប្រែ៖ ណារីពៅ