ព្រឹកថ្ងៃទី ២ តុលា មុនពេលឈានចូលសម័យប្រជុំបម្រុងមហាសន្និបាតបក្ខភាគខេត្តលើកទី ១ អាណត្តិ ២០២៥ - ២០៣០ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអានយ៉ាង ដឹកនាំដោយលោក ង្វៀនទៀនហៃ សមាជិកមជ្ឈិមបក្ស លេខាគណកម្មាធិការបក្សខេត្ត បានអញ្ជើញអុជធូបរម្លឹកវិញ្ញាណក្ខន្ធវីរបុរសជាតិ ង្វៀនទ្រុងទ្រឹក នៅកេរដំដែលប្រវត្តិសាស្ត្រវប្បធម៌ផ្នូនិងឌិញ ង្វៀនទ្រុងទ្រឹក (សង្កាត់រ៉ាច់យ៉ា)។

ចូលរួមជាមួយគណៈប្រតិភូមានសមមិត្ត៖ ង្វៀនថាញញ៉ាន អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ត្រាន់ធីថាញហឿង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរាស្ត្រខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្ត ឡាំមិញថាញ់ អនុលេខាគណៈកម្មាធិការបក្សខេត្ត បណ្តាសមមិត្តជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអានយ៉ាង។
របៀបវារៈអុជធូបចំពោះវីរៈបុរសជាតិ ង្វៀនទ្រុងទ្រឹក បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក បង្ហាញនូវទឹកចិត្តគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរបុរសជាតិដែលបានពលីជីវិតក្នុងការប្រឆាំងសត្រូវបរទេសឈ្លានពានដើម្បីការពារប្រទេស។




ចំពោះមុខដួងព្រលឹងវីរៈបុរសជាតិ ង្វៀនទ្រុងទ្រឹក បក្ខភាគ និងប្រជាជនខេត្តអានយ៉ាង បានជ្រោងខ្ពស់ស្មារតីសាមគ្គីភាព ប្រជាធិបតេយ្យ វិន័យ គំនិតច្នៃប្រឌិត រួមចំណែកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការប្តេជ្ញាចិត្តអនុវត្តដោយជោគជ័យនូវគោលដៅ និងភារកិច្ចនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្ខភាគខេត្ត រួមចំណែកជាមួយប្រទេសទាំងមូលអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស។
មហាសន្និបាតបក្ខភាគខេត្តអានយ៉ាងលើកទី ១ អាណត្តិ ២០២៥-២០៣០ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ គូសបញ្ជាក់ពីចំណុចរបត់ដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត។ ដោយប្រធានបទ៖ កសាងបក្ខភាគ និងប្រព័ន្ធនយោបាយស្អាតស្អំនិងរឹងមាំគ្រប់ជ្រុងជ្រោយ ពង្រីកប្រពៃណីសាមគ្គីភាព បង្កើនសន្តិសុខការពារជាតិ និងកិច្ចការបរទេស។ ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ការផ្លាស់ថ្មីច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។ កៀរគរធនធានទាំងអស់ដើម្បីកសាងខេត្តអានយ៉ាងអភិវឌ្ឍឆាប់រហ័ស ចីរភាព រួមជាមួយប្រទេសឈានចូលយុគសម័យថ្មី។ ជាមួយនឹងបាវចនា "អានយ៉ាងមួយ - ចក្ខុវិស័យមួយ - ឆន្ទៈមួយ - ជំនឿលើជ័យជម្នះមួយ"។
មហាសន្និបាតនេះប្រព្រិត្តទៅក្នុងរយៈពេល ២ ថ្ងៃ ទី២ និងទី៣ ខែតុលា នៅមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈខេត្ត។ សម័យប្រជុំបម្រុងចាប់ផ្តើមនៅម៉ោង ១ និង ៣០នាទីរសៀល ថ្ងៃទី ២ ខែតុលា។ សម័យប្រជុំបើកជាផ្លូវការនៅម៉ោង៨ព្រឹកថ្ងៃទី៣ ខែតុលា៕
ប្រែ៖ ណារីពៅ