នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៦ ខែដើមឆ្នាំ២០២៦ និងដាក់ចេញទិសដៅ ភារកិច្ចសម្រាប់ ៦ ខែចុងឆ្នាំ២០២៦ របស់គណៈណែនាំអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាពខេត្តអានយ៉ាង (ហៅកាត់ថា គណៈណែនាំខេត្ត)។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងជាអនុប្រធានប្រចាំការនៃគណៈណែនាំខេត្ត។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ មានលោក ដាំង វ៉ាន់ណើ នាយកធានារ៉ាប់រងសង្គមខេត្ត សមាជិកគណៈណែនាំខេត្ត តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេសទាំង ១០២ ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំ គណៈណែនាំអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព ខេត្តអានយ៉ាង បានឲ្យដឹងថា គណៈថ្នាក់ដឹកនាំខេត្ត បានអនុវត្តយ៉ាងបត់បែននូវដំណោះស្រាយនានា ដើម្បីអភិវឌ្ឍចំនួនអ្នកចូលរួមធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ចំនួនអ្នកចូលរួមធានារ៉ាប់រងសង្គមចំនួន ៣៤១.២៦០ នាក់ ស្មើនឹង ១៨,២៧% បើប្រៀបធៀបនឹងកម្លាំងពលកម្មក្នុងវ័យធ្វើការ លើស ០,៣៦% បើប្រៀបធៀបនឹងគោលដៅត្រីមាសទី២ ស្មើនឹង ៦.៧១៧ នាក់។ ចំនួនអ្នកចូលរួមធានារ៉ាប់រងសុខភាពមាន ៣.៥២០.០១៧ នាក់ ស្មើនឹង ៩៥,១៣% នៃប្រជាសាស្ត្រ លើស ០,០៣% បើប្រៀបធៀបនឹងគោលដៅត្រីមាសទី២ ស្មើនឹង ១.០៥៩ នាក់។
ការងារដោះស្រាយ និងបើកផ្តល់របប គោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងអត់ការងារធ្វើ ត្រូវបានអនុវត្តយ៉ាងពេញលេញ ទាន់ពេលវេលា និងត្រឹមត្រូវតាមបទប្បញ្ញត្តិ ជូនដល់អ្នកចូលរួម និងអ្នកអាស្រ័យផលម្នាក់ៗ រួមចំណែកជួយគាំទ្រ និងធានាស្ថិរភាពជីវភាពរស់នៅរបស់កម្មករ និយោជិត។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ បានដោះស្រាយថ្មីនូវរបបធានារ៉ាប់រងសង្គមជូនប្រជាពលរដ្ឋចំនួន ៥១.៨៥៧ នាក់ និងសហការជាមួយវិស័យមហាផ្ទៃ ដើម្បីបើកផ្តល់ប្រាក់ឧបត្ថម្ភធានារ៉ាប់រងអត់ការងារធ្វើជូនប្រជាពលរដ្ឋចំនួន ១៦.២៥៦ នាក់។
ការងារដោះស្រាយរបបធានារ៉ាប់រងសុខភាព បានអនុវត្តស្របគ្នានូវដំណោះស្រាយនានា ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យមូលនិធិធានារ៉ាប់រងសុខភាព ធានាឲ្យការចំណាយមានភាពត្រឹមត្រូវ និងពេញលេញ ដើម្បីបម្រើការពិនិត្យ និងព្យាបាលជំងឺបានទាន់ពេលវេលា និងការពារសិទ្ធិរបស់អ្នកចូលរួម។ ខេត្តទាំងមូល បានចុះកិច្ចសន្យាជាមួយមូលដ្ឋានពិនិត្យ និងព្យាបាលជំងឺចំនួន ៨៧ កន្លែង និងបានដាក់ឲ្យអនុវត្តការពិនិត្យ និងព្យាបាលជំងឺនៅមូលដ្ឋានចំនួន ៣៨៥ កន្លែង សម្រេចបាន ១០០% ក្នុងការតភ្ជាប់សំណុំឯកសារ។
ចំពោះការងារឃោសនា និងគាំទ្រអ្នកចូលរួម ក្នុងរយៈពេល ៦ ខែដើមឆ្នាំ បានសហការជាមួយអង្គការដែលគាំទ្រការអភិវឌ្ឍចំនួនអ្នកចូលរួម និងអាជ្ញាធរមូលដ្ឋាន បង្កើតក្រុមឃោសនាគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាពចំនួន ១.៨៣០ ក្រុម។ រៀបចំកិច្ចប្រជុំឃោសនា ពិគ្រោះយោបល់ គាំទ្រ និងឆ្លើយបំភ្លឺអំពីគោលនយោបាយបានចំនួន ៤១៧ លើក ជូនប្រជាពលរដ្ឋជាង ១៣.៥០០ នាក់ និងសកម្មភាពផ្សព្វផ្សាយរួមបញ្ចូល និងឃោសនាជាក្រុមតូចៗជាង ២.៥០០ លើក។ តាមរយៈនោះ ពង្រីកអ្នកចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្តបានជាង ១៣.៤១៤ នាក់ និងអ្នកចូលរួមធានារ៉ាប់រងសុខភាពតាមគ្រួសារបានជាង ៤៨.៦៧៩ នាក់។ល។

ថ្លែងសុន្ទរកថាបូកសរុបកិច្ចប្រជុំ លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឯកភាពលើខ្លឹមសាររបាយការណ៍របស់ស្ថាប័នប្រចាំការគណៈណែនាំខេត្ត លើមតិយោបល់ក្នុងបទអន្តរាគមន៍ មតិពិភាក្សា និងការបំភ្លឺនានានៅក្នុងកិច្ចប្រជុំ។ ព្រមជាមួយនោះ លោកបានស្នើមន្ទីរ ផ្នែក និងមូលដ្ឋាននានា ផ្តោតលើការអនុវត្តឲ្យបានល្អនូវតម្រូវការស្នូល ជាក់ស្តែងដូចខាងក្រោម៖ កំណត់ការពង្រីកអ្នកចូលរួមធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព គឺជាភារកិច្ចនយោបាយរបស់ប្រព័ន្ធនយោបាយទាំងមូល មិនមែនជាភារកិច្ចដោយឡែករបស់ស្ថាប័នធានារ៉ាប់រងសង្គមប៉ុណ្ណោះទេ។អ្នកដឹកនាំត្រូវដឹកនាំដោយផ្ទាល់ ត្រួតពិនិត្យដោយផ្ទាល់ និងទទួលខុសត្រូវដោយផ្ទាល់ចំពោះលទ្ធផលអនុវត្តនៅក្នុងមូលដ្ឋាន និងវិស័យដែលខ្លួនទទួលបន្ទុក។ មិនត្រូវប្រគល់ភារកិច្ចទាំងស្រុង ឬរង់ចាំតែស្ថាប័នធានារ៉ាប់រងសង្គមជាដាច់ខាត។ រាល់ភារកិច្ចត្រូវរៀបចំអនុវត្តតាមគោលការណ៍ “០៦ ច្បាស់”រួមមាន៖ ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់បន្ទុក ច្បាស់សមត្ថកិច្ច ច្បាស់ពេលវេលា និងច្បាស់លទ្ធផល ព្រមទាំងភ្ជាប់ជាមួយការត្រួតពិនិត្យ ការឃ្លាំមើល និងការវាយតម្លៃតាមផលិតផល និងតាមលទ្ធផលជាក់លាក់។
ដើម្បីសម្រេចបាននូវគោលដៅក្នុងឆ្នាំ២០២៦ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យអង្គភាពនានា ផ្តោតលើការអនុវត្តឲ្យបានល្អនូវ ក្រុមភារកិច្ចសំខាន់ៗចំនួន០៥៖ ខិតខំប្រឹងប្រែងពង្រីកអ្នកចូលរួមធានារ៉ាប់រងសង្គមជាកាតព្វកិច្ច ធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត និងធានារ៉ាប់រងសុខភាព។ ប្រើប្រាស់ឲ្យអស់ នូវសក្តានុពលដែលនៅសេសសល់ក្នុងការអភិវឌ្ឍ ខិតខំសម្រេច និងលើសគោលដៅដែលបានប្រគល់ជូន។ ផ្សព្វផ្សាយអនុវត្តស្របគ្នានូវដំណោះស្រាយនានា ដើម្បីកាត់បន្ថយបំណុល និងការយឺតយ៉ាវក្នុងការបង់ធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព។ ដោយប្តេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីដែលចេតនាបំពាន ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិត។បង្កើនការគ្រប់គ្រង និងប្រើប្រាស់មូលនិធិធានារ៉ាប់រងសុខភាពឲ្យមានប្រសិទ្ធភាព។ ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការចំណាយសម្រាប់ការពិនិត្យ និងព្យាបាលជំងឺ។ ទប់ស្កាត់ រកឃើញ និងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះអំពើប្រើប្រាស់មូលនិធិខុសគោលដៅ និងកេងចំណេញពីមូលនិធិ។បន្តជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល និងផ្លាស់ប្តូរឌីជីថល។ លើកកម្ពស់គុណភាពនៃការបម្រើប្រជាពលរដ្ឋ និងធុរកិច្ច។ ដោយយកកម្រិតការពេញចិត្តរបស់ប្រជាពលរដ្ឋជាសូចនាករវាស់វែងគុណភាពនៃការបម្រើ។រៀបចំ និងត្រៀមបម្រុងលក្ខខណ្ឌឲ្យបានពេញលេញ ដើម្បីអនុវត្តទាន់ពេលវេលា ឯកភាពគ្នា និងមានប្រសិទ្ធភាពនូវបទប្បញ្ញត្តិថ្មីៗនៃច្បាប់ស្តីពីធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព។ ធានាមិនឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងកម្មករ និយោជិត។
លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យមន្ទីរ ផ្នែក និងមូលដ្ឋាននានា បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ សាមគ្គីភាព មានភាពសកម្ម និងការប្តេជ្ញាចិត្តក្នុងសកម្មភាព។ ផ្តោតលើការដោះស្រាយការលំបាក និងបញ្ហាប្រឈមនានា ចាប់តាំងពីមូលដ្ឋាន។ ខិតខំសម្រេច និងលើសកម្រិតគោលដៅ និងភារកិច្ចដែលបានប្រគល់ជូន រួមចំណែកអនុវត្តជោគជ័យគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងធានាសន្តិសុខសង្គមរបស់ខេត្ត៕
ប្រែ៖ ណារីពៅ