ថ្ងៃទី ១៨ ខែតុលា គណៈកម្មាធិការប្រជាជនខេត្ត បានសហការជាមួយសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ រៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ដំណាក់កាល ២០២៥ - ២០៣០។ សន្និបាតសហអធិបតីដោយលោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងនិងលោកសាស្រ្តាចារ្យ.បណ្ឌិត ស៊ឺឌិញថាញ់ - នាយកសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ។


ថ្លែងមតិក្នុងពិធីចុះហត្ថលេខា លោក ហូវ៉ាន់ម៉ឹងប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ខេត្តអានយ៉ាងថ្មី មានសក្តានុភាពប្រៀបខ្លាំងច្រើន ដោយមានទំហំផ្ទៃដីជិត ១០ពាន់គីឡូម៉ែត្រក្រឡា ប្រជាសាស្ត្រជិត ៥ លាននាក់និងវិស័យសេដ្ឋកិច្ចសម្បូបែប។ ខេត្តអានយ៉ាង បានកំណត់តំបន់ថាមវន្តចំនួន ៥ រួមមាន ភូក្វុក និងតំបន់ចតុកោណឡុងស្វៀន (រ៉ាច់យ៉ា ហាទៀន ចូវដុក ឡុងស្វៀន)។
អំពីកំណើន ខេត្តអានយ៉ាង បានកំណត់គោលដៅអត្រាកំណើនសេដ្ឋកិច្ច ១១,៥៣% សម្រាប់អាណត្តិ ២០២៥-២០៣០ ហើយប្តេជ្ញាចិត្តដាក់ចេញដំណោះស្រាយអនុវត្តសម្រេចបានគោលដៅ ក្នុងនោះមានការងារសហការជាមួយសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញផងដែរ។

បន្ទាប់ពីពិធីចុះហត្ថលេខា ខេត្តអានយ៉ាង នឹងសហការជាមួយសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ បង្កើតគម្រោងកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត អានយ៉ាង នេះគឺជាគម្រោងស្ថិតក្នុងកម្មវិធីសកម្មភាពរបស់បក្ខភាគខេត្តអានយ៉ាងលើកទី ១ ក៏ដូចជាយោងតាមសេចក្តី សម្រេចចិត្តមហាសន្និបាតបក្ខភាគគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។
យោងតាមប្រសាសន៍លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ដើម្បីបង្កើនសមាមាត្រផ្នែកឧស្សាហកម្ម ការអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិជ្ជាមានតួនាទីជាសំខាន់ ជាពិសេសគឺចំពោះផ្នែកឧស្សាហកម្មកែច្នៃផលិតផលក្នុងខេត្តដូចជា៖ ផលិតផលជលផល ផលិតផលកសិកម្ម ឱសថព្យាបាលជាដើម គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង សង្ឃឹមថានឹងសហការជាមួយសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ បណ្តាអាជីវកម្មអនុវត្តប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រក្នុងវិស័យនេះ រួមចំណែកផ្លាស់ថ្មីគួរឲ្យកត់សម្គាល់សម្រាប់វិស័យឧស្សាហកម្មកែច្នៃ ជំរុញបង្កើនអត្រាសមាមាត្រនៃផ្នែកឧស្សាហកម្មនាពេលខាងមុខ។

ខេត្ត អានយ៉ាង សង្ឃឹមថា កិច្ចសហការជាមួយសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញនឹងកសាង និងបង្កើតបានការផ្លាស់ប្តូរដើម្បីខេត្តអានយ៉ាង មានប្រភពធនធានមនុស្សសម្រាប់វិស័យសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ប្រទេស និងពិភពលោក រួមទាំងផ្នែកទាក់ទិននឹងវិទ្យាសាស្ត្រ បច្ចេកវិជ្ជាផងដែរ ។ ទន្ទឹមនិងនោះ សហការបណ្ដុះបណ្ដាល បំពាក់បំប៉នកម្មាភិបាល ដើម្បីឆ្លើយតបតម្រូវការជំនាញ ក៏ដូចជាការរៀបចំធនធានមនុស្ស បម្រើសន្និបាត APEC ដែលប្រព្រឹត្តទៅនៅឆ្នាំ ២០២៧ នៅតំបន់សេដ្ឋកិច្ចពិសេសភូក្វុក។

យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ ភាគីទាំងពីរឆ្ពោះទៅគោលដៅរួមក្នុងវិស័យស្រាវជ្រាវអភិវឌ្ឍសេដ្ឋកិច្ចសង្គម បណ្តុះបណ្តាល បំពាក់បំប៉ន លើកកម្ពស់គុណភាពប្រភពធនធានមនុស្សក្នុងទាំងវិស័យសាធារណៈ និងតំបន់ឯកជន សហការរៀបចំ ប្រឹក្សាផ្សព្វផ្សាយគម្រោង និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្ទេរបច្ចេកវិជ្ជាជាដើម។ ដើម្បីឆ្លើយតបតម្រូវការគោលដៅដល់ឆ្នាំ២០៣០ ខេត្តអានយ៉ាងអភិវឌ្ឍទូលំទូលាយ មានសេដ្ឋកិច្ចអភិវឌ្ឍស្វាហាប់ សុខដុមរមនា និងចីរភាព។ គឺជាមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍពូជ ផលិតកសិកម្ម មច្ឆជាតិ និងឱសថរុក្ខជាតិអនុវត្តបច្ចេកវិជ្ជាខ្ពស់ ជាមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិរបស់តំបន់។ ជាឈ្មួញកណ្តាលសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា។ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមស្របគ្នា សម្របជាមួយនឹងការប្រែប្រួលអាកាសធាតុ ក្លាយជាខេត្តអភិវឌ្ឍគួរសមក្នុងតំបន់វាលរាបទន្លេគឺវឡុង។

តាមនោះ ភាគីទាំងពីរបានតម្រង់ទិសសហប្រតិបត្តិការលើខ្លឹមសារចំនួន ៥ រួមមាន៖ ប្រឹក្សា ឆ្លុះបញ្ចាំងគោលនយោបាយគាំទ្រការបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍ និងស្នើដំណោះស្រាយប្រតិបត្តិការសេដ្ឋកិច្ចសង្គមរបស់ខេត្តអានយ៉ាង បណ្ដុះបណ្ដាល បំពាក់បំប៉ន លើកកម្ពស់គុណភាពធនធានមនុស្សគុណភាពខ្ពស់ និងក្រុមដឹកនាំយុទ្ធសាស្ត្របម្រើតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្តអានយ៉ាង ស្រាវជ្រាវ និងអនុវត្តវិទ្យាសាស្ត្របច្ចេកវិជ្ជា អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ និងសហប្រតិបត្តិការអន្តរជាតិ។
បន្ទាប់ពីពិធីចុះហត្ថលេខា បានប្រព្រឹត្តទៅកិច្ចសន្ទនាវិទ្យាសាស្ត្រ ក្រោមប្រធានបទស្ថានភាពបច្ចុប្បន្ន និងដំណោះស្រាយផ្លាស់ថ្មីវិធីសាស្ត្រកៀរគរ និងប្រើប្រាស់ប្រភពធនធានមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅអានយ៉ាង ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។


នៅក្នុងកិច្ចសន្ទនា ថ្នាក់ដឹកនាំមន្ទីរសាងសង់ មន្ទីរហិរញ្ញវត្ថុ មន្ទីរកសិកម្ម និងបរិស្ថាន បានអធិប្បាយបទបង្ហាញចំនួន ៣ ដែលមានខ្លឹមសារ ៖ ស្ថានភាពបច្ចុប្បន្ន និងផែនការរៀបចំតម្រង់ទិសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនខេត្តអានយ៉ាង ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ កៀរគរធនធានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនខេត្តអានយ៉ាង។ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនខេត្តអានយ៉ាង។
ព្រមជាមួយនោះ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ជាក់ស្តែង ស្នើដំណោះស្រាយមានភាពទម្លុះទម្លាយ ដើម្បីជំរុញខ្លាំងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ខេត្តអានយ៉ាង៕
ប្រែ៖ ណារីពៅ