រសៀលថ្ងៃទី ៤ ខែធ្នូ គណៈកម្មាធិការប្រជាជនឃុំមីហ្វាហ៊ឹង និងក្រុមហ៊ុន VNPT ឡុងស្វៀន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការផ្លាស់ប្តូរឌីជីថលដំណាក់ ២០២៥-២០៣០ និងឆ្ពោះទៅកសាងអាជ្ញាធរឌីជីថលព្រមៗគ្នានិងលើកកម្ពស់គុណភាពបម្រើប្រជាជនចាប់តាំងពីថ្នាក់មូលដ្ឋាន។


អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន លោក វ៉មិញទ្វឺន លេខាគណៈកម្មាធិការបក្សឃុំមីហ្វាហ៊ឹង។ លោក លីហ្វិញញ៉ាត់ណាម ប្រធានគណៈកម្មាធិការប្រជាជនឃុំ មីហ្វាហ៊ឹង។ លោក ង្វៀនបាមីអាន នាយករងមជ្ឈមណ្ឌលដំណោះស្រាយ VNPT អានយ៉ាង និងលោក ង្វៀនភូបាវឡុក នាយក VNPT ឡុងស្វៀន។
យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ក្រុមហ៊ុន VNPT ឡុងស្វៀន នឹងរួមជាមួយឃុំមីហ្វាហ៊ឹង ដើម្បីសហការផ្សព្វផ្សាយដំណោះស្រាយបច្ចេកវិជ្ជាទំនើបៗដូចជា AI IoT និង Blockchain ដោយធានាសុវត្ថិភាព សន្តិសុខព័ត៌មាន និងអនុវត្តក្នុងការគ្រប់គ្រងទិន្នន័យប្រជាសាស្ត្រ ការកំណត់អត្តសញ្ញាណអេឡិចត្រូនិក និងបម្រើក្នុងការកសាងអាជ្ញាធរឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ស្របតាមទិសដៅរបស់ខេត្ត និងរដ្ឋាភិបាល។
ក្នុងនោះ នៅឆ្នាំ២០២៥ ក្រុមហ៊ុន VNPT ឡុងស្វៀន នឹងផ្សព្វផ្សាយទៅកាន់គណៈកម្មាធិការប្រជាជនឃុំនូវផលិតផលនិងសេវាកម្មបច្ចេកវិជ្ជាព័ត៌មានបម្រើក្នុងការ ផ្លាស់ប្តូរឌីជីថល រួមមានប្រព័ន្ធតម្រង់ជួរដោយស្វ័យប្រវត្តិជាមួយនឹងការទាញយកលេខពីចម្ងាយតាមរយៈ Zalo ឧបករណ៍អានអត្តសញ្ញាណប័ណ្ណពលរដ្ឋ កាមេរ៉ាសុវត្ថិភាព និងដំណោះស្រាយសុវត្ថិភាពព័ត៌មាន។ ទន្ទឹមនិងនោះពង្រីក VPT-iOffice ទៅកាន់អនុសង្កាត់ ភូមិនីមួយៗ និងកម្មវិធី VNPT Gomeet ក្នុងការប្រតិបត្តិការផងដែរ។
នៅឆ្នាំ ២០២៦ ក្រុមហ៊ុន VNPT នឹងបន្តផ្សព្វផ្សាយអនុវត្តការធ្វើឌីជីថលូបនីយកម្មឯកសារដោយប្រើ VNPT eDIGI ការប្រមូលពន្ធលើដីមិនមែនកសិកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឃ្លាំមើលបណ្តាញសង្គមតាមរយៈ vnSocial ទីផ្សារឆ្លាតវៃ iMarket មជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃ ការផ្សាយសម្លេង IP និងការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលព្រមៗគ្នា។
ថ្លែងមតិនៅក្នុងពិធី លោក លីហ្វិញញ៉ាត់ណាម ប្រធានគណៈកម្មាធិការប្រជាជនឃុំមីហ្វាហ៊ឹង បានបញ្ជាក់ថា ពិធីចុះហត្ថលេខានេះគឺជារបទដ៏សំខាន់មួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់មូលដ្ឋានក្នុងដំណើរការផ្លាស់ប្តូរឌីជីថលយ៉ាងគ្រប់ជ្រុងជ្រោយ។ ជាមួយនឹងលក្ខណៈពិសេសរបស់ឃុំកោះ ការផ្លាស់ប្តូរឌីជីថលជួយកាត់បន្ថយចម្ងាយ បង្កើនល្បឿនតភ្ជាប់ព័ត៌មាន ជំរុញពាណិជ្ជកម្ម ទេសចរណ៍និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ក្នុងដំណាក់កាល ២០២៥-២០៣០ ឃុំបានផ្តោតលើគោលដៅសំខាន់ៗចំនួន ៣ នោះគឺ៖ កសាងវេទិកាផ្លាស់ប្តូរឌីជីថលរួបរួម។ បង្កើនហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសេវាសាធារណៈតាមអនឡាញ។ អនុវត្តបច្ចេកវិជ្ជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គាំទ្របណ្តាគ្រួសារអាជីវកម្ម សហករណ៍ និងកសិករក្នុងការផ្សព្វផ្សាយផលិតផល OCOP។ ព្រមជាមួយគ្នានេះផ្តោតលើការបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់កម្មាភិបាល និងប្រជាជនផងដែរ។
ថ្នាក់ដឹកនាំឃុំជឿជាក់ថា ជាមួយនឹងសមត្ថភាពរបស់ VNPT ឡុងស្វៀន និងការយល់ស្របរបស់ប្រជាជន មីហ្វាហ៊ុងនឹងក្លាយជាឃុំគំរូអំពីការផ្លាស់ប្តូរឌីជីថលនៅ ខេត្តអានយ៉ាងឆាប់ៗនេះ។ ការសហការរវាងអាជ្ញាធរ និងអាជីវកម្មដូចថ្ងៃនេះគឺជាទម្រង់សហប្រតិបត្តិការដ៏មានប្រសិទ្ធភាព និងបង្កើតជាកម្លាំងចលករដើម្បីមូលដ្ឋានស្ទុះផ្លោះខ្លាំងក្លាលើដំណើរផ្លាស់ប្តូរឌីជីថលនាពេលខាងមុខ៕
ប្រែ៖ ណារីពៅ