ឃុំចូវផុងបើកទំនប់ទឹកមួងទ្រី បង្ហូរទឹកជំនន់ដោយមានការគ្រប់គ្រង ដើម្បីយកដីល្បាប់កែលម្អដី

ព្រឹកថ្ងៃទី១៧ ខែកញ្ញា គណៈកម្មាធិការប្រជាជនឃុំចូវផុង សហការជាមួយក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត ទាញយកផលពីធារាសាស្ត្រ អានយ៉ាង បានរៀបចំបើកទំនប់ទឹកមួងទ្រី ដើម្បីបង្ហូរទឹកជំនន់ទៅក្នុងស្រែចម្ការ នៅអនុតំបន់ណាមវិញអាន។

អនុតំបន់ណាមវិញអាន មានផ្ទៃដីផលិតកម្មសរុបជាង ១.៨៥៨ ហិកតា។ រហូតមកដល់ពេលនេះ ផ្ទៃដី​ផលិត​កម្ម​ទាំងមូលនៅក្នុងអនុតំបន់ បានប្រមូលផល​ស្រូវ​រដូវ​វស្សា​ ឆ្នាំ២០២៦ រួចរាល់ បានបង្ក​លក្ខណៈ​អំណោយ​ផល​សម្រាប់មូលដ្ឋាន ផ្សព្វផ្សាយការបង្ហូរទឹក​ជំនន់ទៅ​ក្នុង​វាល​ស្រែ តាមផែនការដែលបានកំណត់។

ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលបង្ហូរទឹកជំនន់ មុន​នោះ​ គណៈកម្មាធិការប្រជាជនឃុំចូវផុង បានផ្សព្វ​ផ្សាយ​ និងជូនដំណឹង ដោយស្នើឲ្យប្រជាកសិករ​នៅ​ក្នុង​អ​នុ​តំបន់នេះ មិនត្រូវសាបព្រោះស្រូវ និងដាំ​ដំណាំ​កសិ​កម្ម​ ឬរៀបចំសកម្មភាពផលិតកម្មផ្សេងៗ​ដោយខ្លួន​ឯង​នៅ​ក្នុងតំបន់បង្ហូរទឹកជំនន់នេះជាដាច់ខាត។ គ្រួ​សារ​ប្រ​ជា​​ពលរដ្ឋត្រូវម្ចាស់ការការពារទ្រព្យសម្បត្តិ គ្រឿងយន្ត មធ្យោបាយផលិតកម្ម និងសត្វចិញ្ចឹម។ ចំពោះ​គ្រួ​សារ​ដែល​ដាំ​ដើមឈើហូបផ្លែ និងដើមឈើយូរឆ្នាំ ត្រូវលើក​ទំនប់​ព័ទ្ធ​ជុំវិញ ដើម្បីធានាសុវត្ថិភាព។

ការបើកបង្ហូរទឹកជំនន់ ដែលសម្បូរទៅដោយដីល្បាប់ ទៅ​ក្នុង​វាលស្រែ គឺសំដៅបំពេញបន្ថែម​សារធាតុ​ចិញ្ចឹម​ធម្ម​ជាតិដល់ដី រួមចំណែកកែលម្អគុណភាពដី បំពេញ​បន្ថែម​ដីល្បាប់ កាត់បន្ថយបរិមាណជីក្នុងផលិតកម្ម និង​ត្រៀមលក្ខខណ្ឌអំណោយផលសម្រាប់ការដាំដុះស្រូវនៅរដូវបន្ទាប់៕

ប្រែ៖ ណារីពៅ