ដើម្បីលើកទឹកចិត្តនិងជំរុញស្មារតីដល់បេក្ខជនក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ នៅថ្ងៃទី១៦ មិថុនា សម្ព័ន្ធយុវជនទីរួមខេត្តទិញបៀន គណៈកម្មាធិការសមាគមយុវជនវៀតណាមទីរួមខេត្តសហការជាមួយសាខាសម្ព័ន្ឋយុវជននៃផែនចលនាមហាជនបានផ្តល់អាហារូបករណ៍ចំនួន ១៥ ចំណែក ដើម្បីជំនួយកម្លាំងដល់រដូវប្រឡងឲ្យសម្ព័ន្ឋយុវជនវិទ្យាល័យចំនួន ០៣ នៅលើភូមិសាស្ត្រ។



អាហារូបករណ៍មួយចំណែកៗមានតម្លៃ ៥០០ពាន់ដុង បានប្រគល់ជូនសិស្សជួបការលំបាកចំនួន ១៥ នាក់របស់វិទ្យាល័យចំនួន ៣ នៅលើភូមិសាស្ត្រ៖ វិទ្យាល័យទិញបៀន វិទ្យាល័យស្វឺនតូ និងវិទ្យាល័យ ជីឡាំង។
ប្អូន ឡេហ្វ័ងម៉ៃត្រាង - វិទ្យាល័យស្វឺនតូ ដែលជាសិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើននាក់បានទទួលអាហារូបករណ៍បានរៀបរាប់ទាំងអារម្មណ៍ថា៖ "ប្អូនរស់នៅជាមួយម្តាយ រាល់ថ្ងៃម្តាយធ្វើការស៊ីឈ្នួល អ្នកណាជួលអ្វីក៏គាត់ធ្វើ នៅពេលណាដែលអ្នកណាជួល គាត់ តែងតែខិតខំធ្វើការពេញមួយឆ្នាំដើម្បីមើលថែប្អូនរៀនចប់ចុងចប់ដើម ការប្រឡងឆ្នាំនេះប្អូនប្រឡងចូលផែន D01 ក្តីសុបិនរបស់ប្អូនគឺចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស។ មានសេដ្ឋកិច្ចស្ថិរភាពដើម្បីទំនុកបម្រុងម្តាយនិងគ្រួសារ។ ប្អូនបានដឹងគុណសាលានិងលោកពូអ្នកមីង នៅពេលបានទទួលអាហារូបករណ៍ជំនួយកម្លាំងរដូវប្រឡងលើកនេះ។ នេះគឺជាកម្លាំងចិត្តមួយដ៏ធំសម្រាប់ប្អូន និងមិត្តភ័ក្តិខិតខំសិក្សារៀនសូត្រឲ្យបានល្អក្នុងការប្រឡង មិនធ្វើឲ្យគ្រួសារខកចិត្ត និងជួយដល់អ្នករាល់គ្នា”។
រីឯប្អូន ង្វៀនធីអាញ់ទ្វៀក - វិទ្យាល័យទិញបៀន បានមានប្រសាសន៍ថា៖ "ការសុបិនសាមញ្ញរបស់ប្ងូនគឺសិក្សានិងប្រឡងឲ្យបានល្អ សម្រាប់ទៅថ្ងៃក្រោយមានអាជីពនិងសេដ្ឋកិច្ចស្ថិរភាពដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចដល់គ្រួសារនិងអាចជួយដល់ស្ថានភាពលំបាកដូចប្អូនបច្ចុប្បន្ននេះ។ ប្អូនសូមអរគុណចំពោះអំណោយអាហារូបករណ៍របស់បងៗនិងពូមីងខ្លាំងណាស់។ ប្អូននឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីប្រឡងឲ្យបានល្អដោយមិនធ្វើឲ្យលោកអ្នកគ្រូនិងគ្រួសារខកបំណង" ។

នៅទីតាំងសាលារៀននីមួយៗ តំណាងសម្ព័ន្ធយុវជនទីរួមខេត្តទិញបៀន ក៏បានចំណាយពេលវេលាស្តាប់រឿងរ៉ាវរបស់សិស្ស រឿងរ៉ាវគ្រួសារ និងដំណើរសិក្សាដ៏លំបាករបស់ប្អូនទៅអនាគតក្រោយពីការប្រឡង។ បងៗសម្ព័ន្ឋយុវជនបានលើកទឹកចិត្ត និងដាស់តឿនសិស្សានុសិស្សឲ្យរក្សារឹងមាំស្មារតី ជឿជាក់លើខ្លួនឯង និងខិតខំឲ្យអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ ដើម្បីជម្នះដំណាក់កាលដ៏លំបាកនេះ។
នេះគឺជាសកម្មភាពដ៏មានអត្ថន័យ បង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែករបស់សហគមន៍ និងអង្គការសម្ព័ន្ឋយុវជននិងសមាគមដល់សិស្សក្រីក្រ ជម្នះការលំបាក។ បណ្តាអំណោយតិចតួចជាមែនពិត ប៉ុន្តែវាជាបង្វេចដ៏មានតម្លៃសម្រាប់ស្មារតី ដើម្បីអមដំណើរជាមួយប្អូនក្នុងការខិតខំសិក្សា រម្លឹកមេរៀន និងសម្រេចបានលទ្ធផលខ្ពស់ក្នុងការប្រឡងនាពេលខាងមុខនេះ៕
ប្រែ៖ ណារីពៅ