Bỏ qua đến nội dung chính
ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទីញបៀន - អានយ៉ាង ឆ្នាំ ២០២៦

នៅរសៀលថ្ងៃទី ០១ ខែមិថុនា នគរបាលសង្កាត់ទីញបៀន បានរៀបចំសន្និបាតផ្សព្វផ្សាយបែបផែនសហការចាត់តាំងកម្លាំង និងមធ្យោបាយ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទីញបៀន - អានយ៉ាង ឆ្នាំ ២០២៦ និងសន្និបាតតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មតំបន់ព្រំដែន វៀតណាម - កម្ពុជា - ឡាវ។

អញ្ជើញចូល​រួមសន្និបាតមាន លោកវរសេនីយ៍ឯក យ៉ាញ់​​​ង៉ុកធូ (Danh Ngọc Thu) ប្រធានផ្នែក PA04 នៃ​ស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង លោក ត្រាន់ មិញ​ហ្វា (Trần Minh Hòa) អនុប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រជាជនសង្កាត់ទីញបៀន លោក ហ្វិញថាញ់ឌឿក (Huỳnh Thành Được) ប្រធាននគរបាល​សង្កាត់​ទីញ​បៀន​​ ថ្នាក់ដឹកនាំផ្នែកជំនាញនៃនគរបាលខេត្ត ស្ថាបន និង​អង្គភាពពាក់ព័ន្ធ។

លោកវរសេនីយ៍ឯក យ៉ាញ់ង៉ុកធូ ប្រធាន​ការិយា​ល័យ​ PA04 នៃស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង ថ្លែង​ប្រ​សាស​ន៍នៅក្នុងសន្និបាត

ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខឲ្យបានល្អ ក្នុងអំឡុង​ពេល​រៀបចំផ្សារណាត់នគរបាលសង្កាត់ទីញបៀន បាន​សហ​ការយ៉ាងសកម្មជាមួយផ្នែកជំនាញនគរបាលខេត្ត កម្លាំង​យោធា កងទ័ពការពារព្រំដែន និងស្ថាប័ន​សមត្ថ​កិច្ច​ផ្សព្វផ្សាយបែបផែនសហការ ចាត់តាំង​ភារកិច្ច​ជាក់​លាក់​ សម្រាប់កម្លាំងនីមួយៗ ក្នុងការងារការពារ​គោល​ដៅ​ ការពារប្រតិភូដែលចូលរួម ការត្រួតពិនិត្យមនុស្ស និង​យាន​យន្ត ការបង្ការ និងពន្លត់អគ្គិភ័យ ការ​បង្ការ​ឧ​ក្រិដ្ឋ​កម្ម រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និង​សណ្តាប់​ធ្នាប់សាធារណៈ។ល។

ទន្ទឹមនិងនោះ ផ្សព្វផ្សាយព្រមៗគ្នា​វិធានការ​ជំនាញ​ក្នុង​ការ​បង្ក្រាប និងទប់ស្កាត់ឧក្រិដ្ឋកម្ម និងអំពើ​អបាយ​មុខ​សង្គម​ ដើម្បីប្រទះឃើញ និងដោះស្រាយ​ទាន់ពេល​វេ​លា​​ចំពោះអំពើល្មើសច្បាប់ និងការឆ្លងដែនខុសច្បាប់។ កម្លាំង​មានសមត្ថកិច្ចនឹងរៀបចំការបែងចែកចរាចរណ៍ និងគ្រប់គ្រងចរាចរណ៍នៅតាមផ្លូវសំខាន់ៗ តំបន់​ច្រក​ព្រំ​ដែន​ និងតំបន់រៀបចំព្រឹត្តិការណ៍ក្នុង​ក្របខ័ណ្ឌ​ប្រារព​ឡើង​ផ្សារណាត់ ដោយធានាសុវត្ថិភាពអនាម័យអាហារ សន្តិ​សុខបណ្តាញ និងដោះស្រាយស្ថានភាព​ណាមួយ​ដែល​កើតឡើងក្រៅផែនការបានទាន់ពេលវេលា។

ដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ មិនទុកឲ្យកើត​មាន​ភាព​​អសកម្ម និងភ្ញាក់ផ្អើល នគរបាលសង្កាត់ទីញបៀន បានប្តេជ្ញាធានាសុវត្ថិភាពយ៉ាងពេញលេញសម្រាប់ប្រតិភូ ធុរកិច្ច ភ្ញៀវអន្តរជាតិ និងប្រជាពល​រដ្ឋ​ដែល​ចូល​រួម​ផ្សារ​ណាត់ ដើម្បីរួមចំណែកឲ្យផ្សារណាត់​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ ទីញបៀន - អានយ៉ាង ឆ្នាំ ២០២៦ និង​សន្និ​បាត​តភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មតំបន់ព្រំដែន វៀត​ណាម​ - កម្ពុជា - ឡាវ ប្រព្រឹត្តទៅដោយសុវត្ថិភាព ជោគ​ជ័យ បង្កើតជាចំណុចលេចធ្លោក្នុង​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និងផ្សព្វផ្សាយរូបភាព​តំបន់​ព្រំ​ដែន​អានយ៉ាងហ្វាហាប់ សមាហរណកម្ម និង​អភិ​វឌ្ឍ​។​

ផ្សារណាត់ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១០ មិថុនា ឆាំ្ន ២០២៦​

ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទីញបៀន - អានយ៉ាង ឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៤ ដល់ ១០ ខែ​មិថុនា នៅតំបន់ឧស្សាហកម្មស្វឺនតូ (Xuân Tô) ស្ថិត​ក្នុងអនុសង្កាត់ស្វឺនហ្វា សង្កាត់ទីញបៀន ដោយ​មាន​ស្តង់ទំនិញជាង ២៦០ ស្តង់ របស់ធុរកិច្ចក្នុងស្រុក និង​ក្រៅ​ប្រទេសជាច្រើនចូលរួមតាំងពិពណ៌ និងផ្សព្វ​ផ្សាយ​ផលិតផលតំបន់ (OCOP) របស់ខេត្តអានយ៉ាង និងបណ្តាខេត្តក្រុងប្រទេសទាំងមូល។នេះក៏ជាឱកាសសម្រាប់ធុរកិច្ចក្នុង និងក្រៅប្រទេស​តភ្ជាប់​ទំនាក់ទំនងពាណិជ្ជកម្ម ទំនាក់ទំនង​សហ​ប្រតិ​បត្តិ​ការ បង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម ពង្រីក​ទី​ផ្សារ​ អភិវឌ្ឍបណ្តាញចែកចាយ និងផ្គត់ផ្គង់ផលិតផល សេវា​កម្មទៅកាន់អតិថិជន បម្រើតម្រូវការទស្សនា ទិញ​ទំ​និញ​ ដោះដូរ ពិគ្រោះយោបល់ និងលេងសប្បាយ​កែ​កំ​​សាន្ត​សម្រាប់ប្រជាជនក្នុង និងក្រៅមូលដ្ឋាន។

ផ្សារណាត់បើកសម្ពោធនៅម៉ោង ១៨:០០ ល្ងាច ថ្ងៃទី ០៤ មិថុនា ឆាំ្ន ២០២៦ តាមការសន្និដ្ឋាន៕ 

ប្រែ៖ ណារីពៅ