នៅរសៀលថ្ងៃទី១៣ ខែមីនា អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើអធិបតីភាពកិច្ចប្រជុំពិនិត្យឡើងវិញការងារត្រៀមវិនិយោគ និងរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងសាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យនៅតាមឃុំជាប់ព្រំដែនដិគោកលើភូមិសាស្ត្រខេត្ត។


យោងតាមរបាយការណ៍ ខេត្តអានយ៉ាងមានសាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យចំនួន ៦ នៅតាមឃុំព្រំដែនដីគោកលើភូមិសាស្ត្រខេត្តដំណាក់កាលទី ២។ រួមមានសាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យនៅតាមឃុំបាជុក វិញឌៀវ វិញសឿង អានភូ ភូហ៊ូ និងញ៉ឹនហូយ។
ការងារត្រៀមវិនិយោគជាដំបូងសម្រេចបានលទ្ឋផល។ អ្នកវិនិយោគកំពុងសហការយ៉ាងសកម្មជាមួយមូលដ្ឋាន ដើម្បីបញ្ចប់នីតិវិធីសម្រាប់ការកែសម្រួលផែនការសាងសង់ បង្កើតផែនការលម្អិត ពិនិត្យជាក់ស្តែងភូគព្ភសាស្ត្រ និងភូមិសាស្ត្រ។ ការងារផ្សព្វផ្សាយនិងបំផុសចលនារំដោះផ្ទៃរាបនៅក្នុងតំបន់គម្រោងដែលទទួលបានការយល់ព្រមខ្ពស់ពីប្រជាជនក្នុងតំបន់គម្រោង។

តាមការសន្និដ្ឋាន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ខេត្តអានយ៉ាង រួមជាមួយប្រទេសទាងមូល នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់គម្រោងសាលាអន្តេវាសិកដ្ឋានចំនួនបួនសម្រាប់កម្រិតបឋមសិក្សា និងអនុវិទ្យាល័យនៅក្នុងឃុំបាជុក វិញឌៀវ វិញសឿង និងអានភូ។ ក្នុងនោះ សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យបាជុក គឺជាកន្លែងចំណុចបើកការដ្ឋានសាងសង់របស់ខេត្តអានយ៉ាង។
ចំពោះទីតាំងសាលារៀនពីរកន្លែងនៅក្នុងឃុំភូហ៊ូ និងឃុំញ៉ឺនហូយ បន្ទាប់ពីបានបញ្ចប់នីតិវិធីសងសំណង និងរំដោះផ្ទៃរាប គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងនឹងរៀបចំពិធីបើកការដ្ឋាន និងចាប់ផ្តើមសាងសង់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយធានាថាបញ្ចប់ទាន់ពេលវេលាកំណត់។

យោងតាមសេចក្តីព្រាងផែនការ ពិធីបើកការដ្ឋាននេះនឹងត្រូវបានធ្វើឡើងក្នុងទម្រង់ចម្រុះផ្ទាល់ និងអនឡាញ ក្នុងនោះចំណុចភ្ជាប់កណ្តាលដាក់នៅសាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាបាជុក ក្នុងឃុំបាជុក។ ដើម្បីធានាបាននូវដំណើរការរលូននៃព្រឹត្តិការណ៍នេះ ក្រុមហ៊ុន VNPT អានយ៉ាង និងក្រុមហ៊ុនថាមពលអានយ៉ាង បានបង្កើតផែនការបន្ទាន់សម្រាប់ការចូលប្រើអ៊ីនធឺណិតល្បឿនលឿន និងប្រភពអគ្គិសនីអាទិភាពនៅតាមឃុំព្រំដែន។ បណ្តាអង្គភាពរៀបចំព្រឹត្តិការណ៍ ក៏បាន បំពេញការពិនិត្យជាក់ស្តែងទីតាំងភូមិសាស្ត្រ និងរៀបចំផែនការប្លង់សម្រាប់ឆាក និងតំបន់ប្រតិភូ ដោយធានាបាននូវការតភ្ជាប់ស្របគ្នាយ៉ាងរលូនជាមួយចំណុចភ្ជាប់របស់រដ្ឋាភិបាល។

ថ្លែងនៅក្នុងកិច្ចប្រជុំ អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើមន្ទីរ និងមូលដ្ឋាននានា បំពេញឯកសារផ្លូវច្បាប់ឲ្យបានឆាប់រហ័ស កំណត់ទីតាំងដី និងផែនការសំណង ក្នុងខណៈដែលកំពុងរង់ចាំយន្តការពិសេសពីក្រសួងអប់រំ និងបណ្តុះបណ្តាល។ ចំពោះការងាររំដោះផ្ទៃរាប អង្គភាពនានាត្រូវដាក់បញ្ជីដីដែលត្រូវដកហូតជាបន្ទាន់ និងសហការយ៉ាងជិតស្និទ្ធដើម្បីកែសម្រួលផែនការឲ្យសមស្របទៅនឹងទ្រង់ទ្រាយថ្មី។
ទន្ទឹមនិងនោះ អ្នកវិនិយោគត្រូវតែបង្កើតផែនការសាងសង់លម្អិត ដើម្បីធានាថាសាលារៀនទាំងបី (ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥) រួមមាន៖ សាលាពាក់កណ្តាលអន្តេវាសិកដ្ឋាន សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតនិងអនុវិទ្យាល័យយ៉ាងថាញ់ (ឃុំយ៉ាងថាញ់) សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យខាញ់អាន (ឃុំខាញ់ប៊ិញ) និងសាលាអន្តេវាសិកដ្ឋានអន្តរកម្រិតឋមសិក្សា និងអនុវិទ្យាល័យវិញយ៉ា (ឃុំវិញយ៉ា) ត្រូវបានបញ្ចប់មុនថ្ងៃទី ៣០ ខែសីហា ដើម្បីទាន់ពេលបើកឆ្នាំសិក្សាថ្មី៕
ប្រែ៖ ណារីពៅ