ពិធីបុណ្យនំប្រពៃណីតំបន់ណាមបូ-អានយ៉ាង លើកទី៣ នឹងប្រព្រឹត្តទៅនៅសង្កាត់ឡុងស្វៀន

ដើម្បីបង្កើនការផ្សព្វផ្សាយផលិតផលពិសេសរបស់តំបន់ ដើម្បីបម្រើប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តអានយ៉ាង បានសហការជាមួយគណៈកម្មាធិការប្រជាជនសង្កាត់ឡុងស្វៀន រៀបចំ ពិធីបុណ្យនំប្រពៃណីតំបន់ណាមបូ-អានយ៉ាង លើកទី៣ រួមបញ្ចូលជាមួយ ពិព័រណ៍ជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងផលិតផល OCOP លើកទី៣ ឆ្នាំ២០២៦ ។

ព្រឹ​ត្តិ​ការណ៍នេះមានទ្រង់ទ្រាយប្រមាណ ៣០០ ស្តង់ ដោយ​សន្និដ្ឋានថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែ​កក្ក​ដា ដល់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៦ នៅ​តំ​បន់​ទី​ក្រុង​ Golden City សង្កាត់ឡុងស្វៀន ខេត្តអានយ៉ាង។ ពិធី​បើកនឹងប្រារព្ធធ្វើឡើងនៅយប់ថ្ងៃទី ៣១ ខែ​កក្ក​ដា​។​ស្តង់ទំនិញទាំងនអស់នឹងបើកដំណើរការពីម៉ោង ០៨ ព្រឹក ដល់ម៉ោង ១០ យប់ ជារៀងរាល់ថ្ងៃ ដោយ​មិន​មានលក់សំបុត្រទេ ក្រៅពីនេះក៏មាន​កម្មវិធី​សម្តែង​សិល្បៈ​ចាប់ពីម៉ោង ០៧ ដល់ម៉ោង ១០ យប់ រៀង​រាល់​រាត្រី​ផងដែរ។

ពិធីបុណ្យនំប្រពៃណីតំបន់ណាមបូ-អានយ៉ាង លើកទី៣ ប្រ​ព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែ កក្កដា ដល់ថ្ងៃទី ០៨ ខែ​សី​ហា ​ឆាំ្ន ២០២៦ នៅសង្កាត់ឡុងស្វៀន

បរិយាកាសនៃពិធីបុណ្យត្រូវបានបែងចែកជា ៥ តំបន់ រួម​មាន៖តំបន់សម្តែង និងតាំងបង្ហាញនំប្រពៃណី (ប្រ​មាណ​ ៦០ ស្តង់)។ តំបន់ពិព័រណ៍ និងផ្សព្វ​ផ្សាយ​ទេស​ច​រ​ណ៍ ព្រមទាំងផលិតផល OCOP របស់​ខេត្ត​អាន​យ៉ាង​ (ផ្ទះរួម)។ តំបន់តាំងបង្ហាញ និងផ្សព្វ​ផ្សាយ​ទេស​ច​រ​ណ៍​របស់បណ្តាខេត្តក្រុង និងក្រុមហ៊ុន​ទេស​ច​រណ៍​ក្នុង​ និងក្រៅខេត្ត (ប្រមាណ ៣០ ស្តង់)។ តំបន់​ផលិត​ផល​ OCOP និងផលិតផលពិសេស​របស់​ខេត្ត​ក្រុង​នា​នា​ (ប្រមាណ ៤០ ស្តង់)។​តំបន់សម្តែងការ​ចម្អិន​ម្ហូប​អា​ហារ​ពិសេសតាមតំបន់នីមួយៗ (ប្រមាណ ៣០ ស្តង់)។ តំ​បន់​ពាណិជ្ជកម្មចម្រុះ (ប្រមាណ ១៤០ ស្តង់)។

ជា​ពិសេស នៅវេលាម៉ោង ៤រសៀល រៀងរាល់ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ០១ ខែសីហា ដល់ថ្ងៃទី ០៧ ខែសីហា នឹង​មាន​កម្ម​វិធីសម្តែងការចម្អិនម្ហូបពិសេស នំប្រពៃណី និងចែក​ជូន​ដោយ​ឥតគិតថ្លៃនៅស្តង់ទំនិញផ្ទះរួម នៃ​ព្រឹត្តិ​កា​រ​ណ៍​។ នៅទីនេះ សិប្បករមកពីតាមឃុំ សង្កាត់ និង​តំ​បន់​ពិសេសនានានៅលើភូមិសាស្ត្រខេត្ត នឹងសម្តែង​ការ​ធ្វើ​​នំនិងម្ហូបឆ្ងាញ់ពិសេសរបស់អានយ៉ាង ក្នុង​បរិ​មាណ​ច្រើន​ ដើម្បីបម្រើជូនដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរដែលមកទស្សនាពិធីបុណ្យ។

ទិដ្ឋភាពបរិយាកាសពិធីបុណ្យនំប្រពៃណីតំបន់ណាមបូ-អានយ៉ាង លើកទី៣

បានដឹងថា ពិធីបុណ្យនំប្រពៃណីតំបន់ណាមបូ-អាន​យ៉ាង​ រួមបញ្ចូលជាមួយ ផ្សារណាត់​ពិព័រ​ណ៍​ជំ​រុញ​ទេស​ច​រ​ណ៍ ពាណិជ្ជកម្ម និងផលិតផល OCOP គឺជា​កម្ម​វិធី​មួយ​បានមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ រៀបចំឡើងដោយជោគជ័យនៅក្នុងឆ្នាំ ២០២៤ និង ២០២៥។ តាមរយៈនោះ មិន​ត្រឹម​តែ​រួម​ចំណែក​ក្នុងការអភិរក្ស លើកតម្កើង និងផ្សព្វផ្សាយ​តម្លៃ​វប្ប​ធម៌ម្ហូបអាហារ និងនំប្រពៃណី​របស់​តំបន់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែថែមទាំងបង្កើតឱកាសឲ្យ​អ្នកប្រើ​ប្រាស់​បាន​ប្រើ​ប្រាស់​ផលិតផលប្រពៃណី ពង្រីកទីផ្សារ​លក់ចេញជា​បណ្តើរ​ៗ និងបង្កើនតម្លៃសេដ្ឋកិច្ចផងដែរ។

នេះក៏ជាឱកាសដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយអំពីភាពស្រស់​ស្អាតនៃទឹកដី និងមនុស្សអានយ៉ាង រមនី​យ​ដ្ឋាន​​ធម្មជាតិ ធនធានទេសចរណ៍ និងផលិតផល​ពិសេស​របស់ខេត្តជាដើម ទៅកាន់ភ្ញៀវ​ទេសច​រយ៉ាង​ទូ​លំ​ទូ​លាយ ព្រមទាំងរួមចំណែកបន្តជំរុញខ្លាំង​កម្មវិធី​ទេស​ចរណ៍រដូវវិស្សមកាល ឆ្នាំ២០២៦ របស់ខេត្ត៕

ប្រែ៖ ណារីពៅ