រសៀលថ្ងៃទី ៧ កុម្ភៈ គណៈអចិន្ត្រៃយ៍បក្ខភាគខេត្តដឹកនាំដោយលោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្ត អានយ៉ាង ទើបបានធ្វើការជាមួយគណៈប្រតិភូសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ដឹកនាំដោយសាស្ត្រាចារ្យបណ្ឌិត ង្វៀនដុងផុង លេខាបក្ខភាគ ប្រធានក្រុមប្រឹក្សាសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ដើម្បីវាយតម្លៃការងារសហការរយៈពេលកន្លងទៅនិងពិភាគ្សាដំណោះស្រាយអនុវត្តកម្មវិធីបណ្តុះបណ្តាលនិងស្រាវជ្រាវនាពេលខាងមុខ។ អញ្ជើញចូលរួមក៏មានលោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។







សកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ស្នើកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយខេត្តអានយ៉ាង ដែលជាចំណុចខ្លាំងរបស់អង្គភាព រួមមាន៖ កម្មវិធីបណ្តុះបណ្តាលក្រោយឧត្តមសិក្សាជាមួយថ្នាក់អនុបណ្ឌិតចំនួន២។ កម្មវិធីស្រាវជ្រាវ និងពិគ្រោះយោបល់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមមូលដ្ឋាន ជាមួយខ្លឹមសារស្រាវជ្រាវ និងប្រឹក្សាចំនួន ៤។ បណ្តាវគ្គបំពាក់បំប៉នរយៈពេលខ្លី មាន១២កម្មវិធី។ សាស្ត្រាចារ្យបណ្ឌិត ង្វៀនដុងផុង លេខាបក្ខភាគ ប្រធានក្រុមប្រឹក្សាសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញបានស្នើថា៖ “សាលាសង្ឃឹមថានឹងបានចែករំលែក និងរួមចំណែកទទួលខុសត្រូវទៅក្នុងការអភិវឌ្ឍន៍តំបន់វាលទំនាបទន្លេគឺវឡុង និងខេត្តអានយ៉ាង។ ជាពិសេសនៅក្នុងលក្ខខណ្ឌដែលប្រទេសទាំងមូលផ្តោតជំរុញខ្លាំងកំណើនសេដ្ឋកិច្ច”។
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ និងខេត្ត អានយ៉ាង បណ្តាមន្ទីរ ផ្នែកបានផ្លាស់ប្តូរយោបល់ជាច្រើនដើម្បីអនុវត្តការងារសហការ កម្មវិធីបណ្តុះបណ្តាល និងស្រាវជ្រាវដោយប្រសិទ្ធភាពនាពេលខាងមុខជាដើម ភាគីទាំងពីរបានឯកភាពលើកម្មវិធី ចាត់តាំងចំណុចស្នូលដើម្បីសហការផ្សព្វផ្សាយខ្លឹមសារសហប្រតិបត្តិការ។
សង្កត់ធ្ងន់លើការរួមវិភាគទានយ៉ាងសំខាន់របស់សកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញអំពីបណ្តុះបណ្តាលធនធានមនុស្សរបស់ខេត្តនាពេលថ្មីៗនេះ លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង បានមានប្រសាសន៍ថា ការជួបធ្វើការកាលពីដើមឆាំ្នថ្មីគឺជាក់ស្តែងណាស់ គឺជាបុរេលក្ខណៈល្អសម្រាប់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការនាពេលខាងមុខ និងសង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ទាប់ពីកិច្ចប្រជុំដើម្បីឯកភាពលើគោលការណ៍នេះ លោកលេខាបក្ខភាគខេត្តបានតម្រូវឲ្យគណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាមន្ទីរ ផ្នែកជាមួយនឹងមុខងារ ភារកិច្ចនឹងបន្តពិភាក្សាជាមួយសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ដើម្បីជ្រើសរើសកម្មវិធីបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីឯកភាពអនុវត្តនាពេលខាងមុខ៕
ប្រែ៖ ណារីពៅ