សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

គណៈប្រតិភូខេត្ត អានយ៉ាង ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៤ នៅខេត្តតាកែវ

ថ្ងៃបង្ហោះ 27/03/2024 |

នៅថ្ងៃទី ២៧ មីនា លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានដឹកនាំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៤ នៅខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា)។ ទទួលស្វាគមន៍គណៈប្រតិភូមានលោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ និងថ្នាក់ដឹកនាំមន្ទីរ ផ្នែកនៃខេត្ត។

គណៈប្រតិភូខេត្ត អានយ៉ាង បានទៅសួរសុខ​ទុក្ខ​ និងជូនពរបុណ្យចូលឆ្នាំថ្មី​ប្រពៃ​ណី​ជាតិ​ ឆ្នាំ​២០​២៤​ នៅខេត្តតាកែវ

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្ត អានយ៉ាង ជូនសារជូនពរឆ្នាំថ្មី​របស់​គណៈ​កម្មាធិការប្រជាជនខេត្ត អានយ៉ាង ដល់ថ្នាក់ដឹក​នាំ​ខេត្តតាកែវ

មន្ទីរ  ផ្នែក និងកងកម្លាំងមុខងារខេត្តអានយ៉ាង ប្រ​​គល់​អំណោយដល់មន្ទីរ ផ្នែក និងកង​កម្លាំង​មុខ​ងារ​ខេត្ត​តាកែវ

គណប្រតិភូខេត្តអានយ៉ាងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់​ដឹកនាំខេត្ត កម្មាភិបាល មន្ត្រី និង​កង​កម្លាំងប្រដាប់អាវុធ ខេត្តតាកែវ 

ក្នុងស្មារតីសាមគ្គីភាព លោកស្រី ង្វៀនធីមិញធ្វី អនុ​ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បាន​អះ​អាងថា វៀតណាម និងកម្ពុជាជា​ប្រទេស​ជិត​ខាង​ តែងតែគាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុង​គ្រប់​កាលៈ​ទេសៈ និងគ្រប់ពេលវេលា។ ក្នុងបុព្វហេតុតស៊ូ​រំដោះ​ជាតិ ប្រទេសទាំងពីរបានប្រកៀកស្មាគ្នាប្រឆាំង​នឹង​សត្រូវរួម និងទទួលបានជ័យជំនះដ៏ត្រចះត្រចង់ បង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងជនជាតិទាំងពីរ។ថ្ងៃនេះ ខេត្តទាំង២ អានយ៉ាង-តាកែវ ក៏ បានបន្ត​ពង្រីក​ប្រពៃ​ណីសាមគ្គីភាព មិត្តភាពនោះ ដោយបាវចនា “អ្នក​ជិត​​ខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ និរន្តរភាពយូរអង្វែង”។

តាងនាម បក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈ​កម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្ស​មាតុ​ភូមិ​វៀតណាមខេត្ត និងប្រជាជនខេត្ត អានយ៉ាង លោ​ក​ស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការ​ប្រ​ជា​​ជនខេត្ត បានជូនពរដល់ថ្នាក់ដឹកនាំ កម្មាភិបាល មន្ត្រី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ​ខេត្ត​តា​កែវ​ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ដោយ​សប្បាយ​រីករាយ និងជួបជុំ។ សូមគោរពជូនពរ ដល់​អភិ​បាល​ខេត្តតាកែវ ទទួលបានសមិទ្ធិផលកាន់តែធំជាង​ទៀត​ក្នុង​ការងារកសាង និងអភិវឌ្ឍន៍មូលដ្ឋានឲ្យ​កាន់​តែ​​រី​កចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ និងសុភ​មង្គល​។

​ទន្ទឹមនិងនោះ ក៏ផ្តល់ព័ត៌មានអំពីលទ្ធផលនៃកិច្ច​សហប្រតិបត្តិការរវាងខេត្តទាំងពីរក្នុងវិស័យជាច្រើនដូច​ជា៖ កសិកម្ម សុខាភិបាល ពាណិជ្ជកម្ម កីឡា ការងារ​រណ​សិរ្ស និងអង្គការមហាជនក្នុងឆ្នាំ២០២៣សម្រេច​បាន​លទ្ធផលវិជ្ជមានជាច្រើនផងដែរ។ជាក់ស្តែង កង​កម្លាំងមុខងារនៃខេត្តទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការថែរក្សាសន្តិសុខ សណ្តាប់​ធ្នាប់នៅតាមព្រំដែន បង្កលក្ខណៈងាយស្រួល​សម្រាប់​ប្រជាជន និងធុរកិច្ចនៃខេត្តទាំងពីរធ្វើ​ពាណិជ្ជ​កម្ម​ ផ្លាស់ប្តូរទំនិញ បើកទូលាយទីផ្សារនាំចេញ និង​នាំ​ចូល​។ នៅឆ្នាំ២០២៣ ចំណូលនាំចូល និងនាំចេញ​សរុប​តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ ទិញបៀន -ភ្នំដិន​ និងច្រកទ្វារព្រំដែនសំខាន់ វិញហូយដុង-កំពង់​ក្រ​សាំង​ រវាងខេត្ត អានយ៉ាង និងខេត្តតាកែវសម្រេចបាន ១ ពាន់លានដុល្លាអាមេរិក រួមចំណែកលើកកម្ពស់​ជីវ​ភាព​​រស់នៅរបស់ប្រជាជន ជាពិសេសគឺប្រជាជន​រស់​នៅ​​តាម​តំបន់​ព្រំដែន​នៃ​ខេត្ត​ទាំងពីរ។

នារសៀលថ្ងៃដដែល គណៈប្រតិភូខេត្ត អាន​យ៉ាង​ ក៏បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៤ នៅខេត្តកំពុង​ឆាំង​(ព្រះរាជាណាចក្រកម្ពុជា) ផងដែរ៕

ប្រែ៖ ណារីពៅ

មាតិកា

e0a0d782-e584-4da8-9070-53c901a311de

Đoàn công tác tỉnh An Giang chúc Tết cổ truyền Chol Chnam Thmay năm 2024 tại tỉnh Takeo

/wps/wcm/connect/1354013a-eb8a-48ef-9550-f1bda66712d3/z5289662821654_37a72605ea7e0acb705a2583b4df3988.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-1354013a-eb8a-48ef-9550-f1bda66712d3-oXruKTK